លោក Zelenskiy ចោទរុស្ស៊ី ពីការបោកបញ្ឆោតមួយផ្សេងទៀត ដោយអូសបន្លាយសំណើសន្តិភាព

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃព្រហស្បតិ៍ (២៩ ឧសភា) បានចោទប្រកាន់ថា រុស្ស៊ី កំពុងចូលរួមនៅក្នុង “សកម្មភាពបោកបញ្ឆោតមួយផ្សេងទៀត” ដោយការខកខាន និងអូសបន្លាយមិនប្រគល់សំណើដំណោះស្រាយសន្តិភាពរបស់ខ្លួន មុនពេលកិច្ចប្រជុំដែលអាចកើតមានរវាងទីក្រុងមូស្គូ និងទីក្រុងគីវ នៅសប្ដាហ៍ក្រោយ។

នៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក Zelenskiy និយាយថា “សូម្បីតែអ្វីដែលហៅថា ‘អនុស្សរណៈ’ ដែលរុស្ស៊ីបានសន្យា និងហាក់ដូចជាបានរៀបចំអស់ពេលជាងមួយសប្តាហ៍មកនេះ នៅតែមិនមាននរណាម្នាក់បានមើលឃើញឡើយ”។ លោកបន្តថា “អ៊ុយក្រែនមិនបានទទួលសំណើអ្វីទេ ហើយដៃគូរបស់ទីក្រុងគីវ និងសូម្បីតែទួរគី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដំបូងក៏មិនបានទទួលរបៀបវារៈថ្មីដែរ”។

មេដឹកនាំអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា “ទោះបីជាមានការសន្យាជាមួយសហរដ្ឋអាមេរិក ជាពិសេសចំពោះលោកប្រធានាធិបតី Donald Trump ក៏ដោយ ក៏រុស្ស៊ីកំពុងបង្កើតការបោកបញ្ឆោតមួយផ្សេងទៀត”។ គួរឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃពុធមុននោះថា ទីក្រុងមូស្គូ បានព្រាងអនុស្សរណៈមួយច្បាប់ ដែលបង្ហាញពីជំហរដោះស្រាយនៅក្នុងជម្លោះអាយុកាល ៣ឆ្នាំនៅអ៊ុយក្រែន។

ប្រមុខការបរទេសរុស្ស៊ីរូបនេះក៏បង្ហើបថានឹងមានការចរចាផ្ទាល់ជាលើកទីពីរ ធ្វើឡើងនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះម្តងទៀតនៅទីក្រុងអ៊ីស្តង់ប៊ុល របស់ទួរគី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូមិនបានទទួលការឆ្លើយតបពីទីក្រុងគីវ ថាតើអ៊ុយក្រែន នឹងចូលរួមការចរចានៅថ្ងៃចន្ទក្រោយនេះក្នុងទីក្រុងអ៊ីស្តង់ប៊ុល ឬក៏អត់នោះទេ៕