រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំតំបន់រមណីយដ្ឋានកៀនស្វាយក្រៅ ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍

(ខេត្តកណ្តាល)៖ តំបន់រមណីយដ្ឋានកៀនស្វាយក្រៅ គឺជាទីតាំងដែលមាន​សក្ដា​នុពល នៅជិតរាជធានីភ្នំពេញ ក៏ដូចជាក្រុងតាខ្មៅ ដែលងាយស្រួលក្នុងការធ្វើដំណើរ​មកពិសារអាហារពេលរសៀល ក៏ដូចជាមកលំហែកាយ ដូច្នេះប្រសិនបើយើងបានរៀបចំ​ឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព សុវត្ថិភាព និងសុគតភាព នោះភ្ញៀវទេសចរណ៍នឹងមកកម្សាន្តនៅទីនេះកាន់តែច្រើនជាងមុន។

ដោយសង្កេតឃើញរមណីយដ្ឋានកៀនស្វាយក្រៅ ក្រៅពីថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកផ្សេងៗ មិនសូវមានភ្ញៀវទេសចរមកកំសាន្តនៅទីនេះឡើយ ដូច្នេះយើងទាំងអស់គ្នាជាអាជ្ញាធរ ក៏ដូចជាអាជីវករផ្ទាល់ ត្រូវខិតខំកែលម្អនៅ​តំបន់នេះឱ្យទាក់ទាញ ពិសេសផ្សព្វផ្សាយនូវអ្វីដែលល្អ អ្វីដែលទាក់ទាញ ដល់​ភ្ញៀវទេសចរណ៍របស់យើង ដើម្បីមកកំសាន្ត និងលំហែកាយនៅតំបន់នេះ ឱ្យ​បានកាន់តែច្រើនដោយមិនគិតថ្ងៃឈប់សម្រាកឡើយ។

ការលើកឡើងបែបនេះ របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល​ខេត្តកណ្ដា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថាន​ភាពជាក់ស្ដែង និងសំណេះសំណាលជាមួយអាជីវករ កំពុងប្រកបរបរលក់ដូរនៅ​រមណីយដ្ឋានកៀនស្វាយក្រៅ។ ការចុះពិនិត្យនេះដែរ ក៏មានការអញ្ជើញចូលរួមពី មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មផងដែរ។

ឯកឧត្តម អភិបាលខេត្តកណ្ដាល បន្ថែមថា ដើម្បីឱ្យតំបន់នេះកាន់តែទាក់ទាញ​ភ្ញៀវ​ទេសចរណ៍បន្ថែមទៀត អាជ្ញាធរស្រុកកៀនស្វាយ ត្រូវខិតខំផ្សព្វផ្សាយ​ដល់​អាជីវករ​យើងទាំងអស់ មិនត្រូវដំឡើងថ្លៃហួសហេតុ ដែលធ្វើឱ្យបាត់បង់ភ្ញៀវ​របស់យើង​ឡើយ។ បើយើងដំឡើងថ្លៃខ្ពស់ហួសហេតុ នោះយើងបានចំណេញ​តែមួយពេល​នេះទេ តែប្រសិនបើយើងលក់តម្លៃសមរម្យ នោះយើងនឹងទទួលបាន​ការចំ​ណេញ​ជារៀងរហូត។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អធិការ នគរបាល ស្រុក ត្រូវដាក់កម្លាំង​ប្រចាំ​ការនៅស្នាក់ការរមណីយដ្ឋាន ដោយសហការជា​មួយ​ប្រជាការពារឃុំ ប្រចាំការ​សម្រាប់​មើលការខុសត្រូវ ដោយធ្វើឱ្យកន្លែងនេះ​ជា​ពហុ​វិស័យ ដោយត្រូវដោះស្រាយ​គ្រប់ទាំងការងារសន្តិសុខ ការផ្ដល់ព័ត៌មាន​សម្រាប់​ទេសចរណ៍ ការដោះស្រាយបញ្ហា​មួយចំនួនជាមួយអាជីវករផងដែរ៕