អ៊ីរ៉ង់ព្រមានខ្លាំងៗថា អាមេរិកនឹងជួបគ្រោះធំបំផុត បើហ៊ានវាយប្រហារអ៊ីរ៉ង់

តេហេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃពុធ បានចេញមុខច្រានចោលការអំពាវនាវរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ឱ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ និងបានព្រមានធ្ងន់ៗថា ការវាយប្រហារណាមួយរបស់អាមេរិក នឹងទទួលបានផលវិបាកធ្ងន់ធ្ងរបំផុត ដែលមិនអាចស្រោចស្រង់បាន។

លោក Khamenei បាននិយាយនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋថា ប្រជាជនអ៊ីរ៉ង់នឹងមិនទទួលយកការគំរាមកំហែងឲ្យចុះចាញ់នោះទេ និងថា សន្តិភាព ឬសង្គ្រាម មិនអាចដាក់គំនាបលើអ៊ីរ៉ង់បានឡើយ។

លោក Khamenei បានហៅឱសានវាទឲ្យចុះចាញ់សង្គ្រាមរបស់ លោក Trump ថា ជារឿងមិនអាចទទួលយកបាន។

មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ ថែមទាំងបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់គ្មានថ្ងៃចុះចាញ់ការដាក់ទណ្ឌកម្មពីនរណាម្នាក់ឡើយ ហើយអាមេរិកគួរតែដឹងថា អន្តរាគមន៍យោធាណាមួយ នឹងជួបផលវិបាកធ្ងន់ធ្ងរដែលមិនអាចជួសជុលបាន។

ប្រភពបាននិយាយថា លោកប្រធានាធិបតី Trump ទំនងជាកំពុងពិចារណាលើជម្រើស ដែលរួមទាំងចូលរួមជាមួយអ៊ីស្រាអែល ក្នុងការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។

ដំណឹងនេះកើតឡើងចំពេលដែលយោធាអ៊ីស្រាអែលនិយាយថា យន្តហោះចម្បាំង ៥០គ្រឿងរបស់ពួកគេ បានវាយប្រហារគោលដៅ ២០កន្លែងនៅក្នុងទីក្រុងតេហេរ៉ង់ រួមទាំងទីតាំងផលិតវត្ថុធាតុដើម សមាសធាតុ និងប្រព័ន្ធផលិតកម្មសម្រាប់គ្រាប់មីស៊ីល៕

ប្រភព ៖ AFP