អង់គ្លេសឲ្យអ៊ីរ៉ង់ឆាប់ចូលតុចរចា ទោះត្រូវគ្រាប់បែកអាមេរិក

បរទេស៖ ទោះបីជាអាមេរិកបានទម្លាក់គ្រាប់បែកយ៉ាងដំណំ លើប្រទេសអ៊ីរ៉ង់ក៏ដោយ អង់គ្លេសបានចេញមុខប្រាប់ ទៅរដ្ឋាភិបាលក្រុងតេអេរ៉ង់ ឲ្យចូលតុចរចាជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន ឡើងវិញ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានអំពាវនាវឱ្យអ៊ីរ៉ង់ “ត្រឡប់ទៅតុចរចា” ជុំវិញមហិច្ឆតានុយក្លេអ៊ែរ របស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារ លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។

លោក Starmer បាននិយាយ នៅលើបណ្តាញសង្គម X ថា “អ៊ីរ៉ង់មិនអាចត្រូវបានអនុញ្ញាតឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរបានទេ ហើយសហរដ្ឋអាមេរិកបានចាត់វិធានការដើម្បីកាត់បន្ថយការគំរាមកំហែងនោះ” ដោយបន្ថែមប្រាប់ថា “ស្ថិរភាពនៅក្នុងតំបន់ គឺជាអាទិភាព” ។

នាយករដ្ឋមន្ត្រីអង់គ្លេស រូបនេះ បានលើកឡើងថា «យើងអំពាវនាវឱ្យអ៊ីរ៉ង់ ត្រលប់ទៅតុចរចា និងឈានដល់ដំណោះស្រាយការទូត ដើម្បីបញ្ចប់វិបត្តិនេះ»។

គួរបញ្ជាក់ថា លោក ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាស នៅព្រឹកថ្ងៃអាទិត្យនេះថា កងកម្លាំងយោធាអាមេរិក បានទម្លាក់គ្រាប់បែក ទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួនបី ហើយលោក Trump អះអាងថា នឹងបន្តវាយប្រហារ បើ អ៊ីរ៉ង់ មិនព្រមស្វែងរកសន្តិភាព៕

ប្រភពពី AFP