សហរដ្ឋអាមេរិក ព្រមានអ៊ីរ៉ង់ កុំឱ្យសងសឹក ខណៈលោក Trump លើកឡើងពី ‘ការផ្លាស់ប្តូររបប’
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (២២ មិថុនា) បានលើកឡើងពីការផ្លាស់ប្តូររបបនៅអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងទីតាំងយោធាសំខាន់ៗកាលពីចុងសប្តាហ៍ ខណៈក្រុមមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលរបស់លោក បានព្រមានទីក្រុងតេអេរ៉ង់ ប្រឆាំងនឹងការសងសឹកតបវិញ។
លោក Trump បានសរសេរលើវេទិកាសង្គមរបស់លោកថា៖ ការប្រើឃ្លា “ការផ្លាស់ប្តូររបប” គឺមិនត្រឹមត្រូវខាងនយោបាយទេ ប៉ុន្តែប្រសិនបើរបបអ៊ីរ៉ង់បច្ចុប្បន្ន មិនអាចធ្វើឱ្យអ៊ីរ៉ង់អស្ចារ្យម្តងទៀតបានទេ ហេតុអ្វីបានជាមិនមានការផ្លាស់ប្តូររបបនេះទៅ??? លោកក៏បានបន្ថែមអក្សរកាត់អង់គ្លេសថា MIGA ដែលមានន័យថា ធ្វើឱ្យអ៊ីរ៉ង់អស្ចារ្យម្តងទៀត (MAKE IRAN GREAT AGAIN)។
សារបង្ហោះរបស់លោក Trump បានកើតឡើងបន្ទាប់ពីក្រុមមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាល រួមទាំងអនុប្រធានាធិបតីអាមេរិក លោក JD Vance និងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ហាក់សង្កត់ធ្ងន់ផ្ទុយពីនោះថា ពួកគេមិនមែនកំពុងធ្វើការដើម្បីផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ទេ។
ប្រតិបត្តិការយោធាអាមេរិកលើអ៊ីរ៉ង់ កាលពីចុងសប្ដាហ៍ ឈ្មោះថា “Operation Midnight Hammer” មានអ្នកដឹងតិចតួចណាស់នៅទីក្រុងវ៉ាស៊ីនតោន និងនៅទីស្នាក់ការកណ្តាលរបស់អាមេរិកសម្រាប់ប្រតិបត្តិការមជ្ឈិមបូព៌ា។
លោកឧត្តមសេនីយ៍ Dan Caine ប្រធាននាយសេនាធិការចម្រុះអាមេរិក ប្រាប់អ្នកសារព័ត៌មានថា យន្តហោះទម្លាក់គ្រាប់បែក B-2 ចំនួន ៧គ្រឿងបានហោះហើរអស់ ១៨ម៉ោងពីអាមេរិកទៅកាន់អ៊ីរ៉ង់ ដើម្បីទម្លាក់គ្រាប់បែក “ឃួងបំផ្ទុះគោលដៅក្រោមដី” ចំនួន ១៤គ្រាប់។ សរុបមក អាមេរិកបាញ់គ្រាប់បែកប្រើប្រព័ន្ធទូរបញ្ជា ៧៥គ្រាប់ រួមទាំងមីស៊ីល Tomahawk ជាង ២០គ្រាប់ និងយន្តហោះយោធាលើសពី ១២៥គ្រឿង ក្នុងប្រតិបត្តិការប្រឆាំងនឹងទីតាំងនុយក្លេអ៊ែរចំនួន ៣កន្លែង៕
Leave a Reply