ឡាអេ ៖ មេដឹកនាំអាមេរិក នៅថ្ងៃពុធ បានប្រដូចការវាយប្រហារទម្លាក់គ្រាប់បែកកម្ទេចទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ទៅនឹងការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី របស់ប្រទេសជប៉ុន ដើម្បីបញ្ចប់សង្គ្រាមលោកលើកទី២។
លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយនៅពេលគាត់បញ្ចប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងឡាអេថា តាមពិតទៅ បើសិនអ្នកក្រឡេកទៅមើលទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី របស់ជប៉ុន នោះអ្នកនឹងដឹងថា សង្គ្រាមបានបញ្ចប់ដោយរបៀបណា។
លោកថា សង្គ្រាមបានបញ្ចប់ក្នុងវិធីផ្សេងគ្នា ប៉ុន្តែការទម្លាក់គ្រាប់បែកនៅអ៊ីរ៉ង់ គឺពិតជាបង្កការបំផ្លិចបំផ្លាញ ខ្លាំង ណាស់។
លោកប្រធានាធិបតី Trump នៅតែការពារ យ៉ាង ម៉ឺងម៉ាត់ ចំពោះ ការ អះអាង របស់ លោក ដែលថា កាការបាញ់មីស៊ីល និងការទម្លាក់គ្រាប់បែករបស់អាមេរិក ពិតជាបានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរក្នុងរោងចក្រ នុយក្លេអ៊ែរ Fordo ក្រោមដី របស់ អ៊ីរ៉ង់។
សូមរម្លឹកថា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ អាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដោយបានសម្លាប់មនុស្សប្រមាណ ១៤០.០០០នាក់ ដែលនោះជាឥទ្ធិពលនៃគ្រាប់បែកអ៊ុយរ៉ាញ៉ូម។
បីថ្ងៃក្រោយមក យន្តហោះអាមេរិកមួយគ្រឿងទៀតបានទម្លាក់គ្រាប់បែកផ្លាតូនីញ៉ូមលើទីក្រុងណាហ្គាសាគី ដែលបណ្តាលឲ្យមនុស្សប្រហែល ៧៤.០០០នាក់បានស្លាប់ ធ្វើឲ្យជប៉ុនបានចុះចាញ់សង្គ្រាមលោកលើកទី២ នៅ ថ្ងៃ ទី១៥ ខែ សីហា ឆ្នាំ១៩៤៥៕
ប្រភព ៖ AFP
Leave a Reply