ហ្សេរុយសាឡឹម ៖ ថ្លែងក្នុងទឹកមុខក្រៀមក្រំ និងសោកស្តាយជាខ្លាំង លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និយាយថា វាជា “ថ្ងៃដ៏ពិបាកទទួលយកមួយ” សម្រាប់ជនរួមជាតិអ៊ីស្រាអែល ដែលបានបាត់បង់ជីវិតទាហានចំនួន៧នាក់នៅតំបន់ហ្គាហ្សា ជាទីដែលសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់ ស្ថិតនៅក្នុងខែទី២១។
លោកនាយករដ្ឋមន្ត្រី Netanyahu បានបង្ហោះសារលើបណ្តាញសង្គម X នៅថ្ងៃពុធថា វាជាថ្ងៃដ៏ពិបាកទទួលយកមួយសម្រាប់ជនរួមជាតិអ៊ីស្រាអែល ដែលវីរជនប្រយុទ្ធរបស់យើងបានស្លាប់ក្នុងសមរភូមិកម្ចាត់ក្រុមហាម៉ាស់ និងដោះលែងចំណាប់ខ្មាំងរបស់យើងនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប។
យោងតាមយោធាអ៊ីស្រាអែល នៅថ្ងៃពុធ បានឲ្យដឹងថា មន្ត្រីអ៊ីស្រាអែលម្នាក់ និងទាហាន ៦នាក់ត្រូវបានសម្លាប់ នៅពេលដែលរថពាសដែករបស់ពួកគេបានរងការវាយប្រហារដោយគ្រឿងផ្ទុះនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប។
ហេតុការណ៍នេះកើតឡើងនៅភាគខាងកើតនៃទីក្រុង Khan Younis ដែលជាឧប្បត្តិហេតុដ៏សាហាវបំផុតមួយ សម្រាប់កងកម្លាំងអ៊ីស្រាអែល ចាប់តាំងពីការវាយលុកផ្លូវគោករបស់ពួកគេនៅតំបន់ហ្គាហ្សា បានចាប់ផ្តើមក្នុងខែតុលា ឆ្នាំ ២០២៣។
គិតមកទល់ពេលនេះ សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានបណ្តាលឱ្យមនុស្សចំនួន ១.២១៩នាក់បានស្លាប់នៅខាងភាគីអ៊ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់សារព័ត៌មាន AFP ដោយផ្អែកលើតួលេខផ្លូវការ។
ហើយយុទ្ធនាការយោធាសងសឹករបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៦.០៧៧នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា ហើយអង្គការសហប្រជាជាតិក៏ចាត់ទុកតួលេខនេះគួរឱ្យទុកចិត្តផងដែរ៕
ប្រភព ៖ AFP
Leave a Reply