តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង កាលពីថ្ងៃពុធ បានចេញមុខទទួលស្គាល់ថា រោងចក្រ និងគ្រឿងបរិក្ខារនុយក្លេអ៊ែររបស់ខ្លួន ពិតជារងការខូចខាតធ្ងន់ធ្ងរប្រាកដមែន ដោយសារតែការទម្លាក់គ្រាប់បែករបស់អាមេរិកកាលពីចុងសប្តាហ៍។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានបដិសេធមិននិយាយលម្អិតបន្ថែមទៀតទេ ប៉ុន្តែបានទទួលស្គាល់ថា ការវាយប្រហារកាលពីថ្ងៃអាទិត្យទី២២ ខែមិថុនា ដោយយន្តហោះទម្លាក់គ្រាប់បែក B-2 របស់អាមេរិក ប្រើប្រាស់គ្រាប់បែក GBU-57 គឺពិតជាបានបង្កការខូចខាតដ៏ធ្ងន់ធ្ងរ ហើយនោះគឺជារឿងពិតប្រាកដណាស់។
លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែអះអាងថា ទីតាំងនុយក្លេអ៊ែរក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានបំផ្លាញទាំងស្រុង ដោយសារការវាយប្រហារយោធារបស់អាមេរិក បើទោះបីជាការវាយតម្លៃស៊ើបការណ៍សម្ងាត់ ធ្វើឱ្យមានការសង្ស័យ លើជោគជ័យរបស់ពួកគេក៏ដោយ។
តាមរយៈបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី ត្រាំ បានបង្ហោះថា ទីតាំងនុយក្លេអ៊ែរនៅអ៊ីរ៉ង់ ត្រូវបានបំផ្លាញទាំងស្រុង។ ហើយលោកក៏បានច្រានចោលរបាយការណរបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលបានចុះផ្សាយថា ការទម្លាក់គ្រាប់បែករបស់អាមេរិកលើអ៊ីរ៉ង់ ត្រឹមតែអាចបង្អាក់ដល់ដំណើរការកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ក្នុងរយៈពេលពីរ ឬ បីខែ ប៉ុណ្ណោះ៕
ប្រភព ៖ AFP
Leave a Reply