សម្ដេចតេជោ ហ៊ុន សែន ណែនាំពលរដ្ឋ ជីកលេណដ្ឋាន ដើម្បីការពារខ្លួន ហើយកុំភ្លេចការបង្កបង្កើនផល

(ឧត្តរមានជ័យ)៖ សម្ដេចតេជោ បានណែនាំពលរដ្ឋ ជីកលេណដ្ឋាន ដើម្បីការពារខ្លួន ហើយកុំភ្លេចការបង្កបង្កើនផល ខណៈដែលពេលនេះ រដូវវស្សាបានមកដល់ហើយ ។ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យ ចំនួន ២៤៨នាក់ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលខំប្រឹងដើម្បីប្រជាពលរដ្ឋ នាពេលកន្លងមក ហើយសម្តេចក៏បានបញ្ជាក់ជូនបន្ថែមទៅដល់ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ អំពីបញ្ហាទំនាស់ព្រំដែនកម្ពុជាថៃ ថា ស្ថានភាពនយោបាយរបស់ប្រទេសជិតខាង គឺថៃ បានរុញច្រានទៅមានវិវាទជាមួយកម្ពុជា ទោះយ៉ាងណាក៏ដោយក្នុងកាលៈទេសៈនេះ សម្តេច មើលឃើញថា វិបត្តិបានក្លាយ ទៅជាកាលានុវត្តភាព ។

សម្ដេចតេជោ បានថ្លែងថា ប្រទេសកម្ពុជា ជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការផ្លាស់ប្តូរមេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូចកន្លងទៅ កាលពីឆ្នាំ២០១១នោះទេ ។ សម្តេច បានណែនាំប្រជាពលរដ្ឋ ជីកលេណដ្ឋាន ដើម្បីការពារខ្លួនហើយកុំភ្លេចការ បង្កបង្កើនផល ទោះសភាពការណ៍កើតនៅទល់ដែនក៏ដោយ ខណៈដែលពេលនេះរដូវវស្សាបានមកដល់ហើយ ។

ចំពោះការបិទព្រំដែនដែន តាមទំនើងចិត្តរបស់ថៃ សម្តេចតេជោ បានលើកឡើងថា ថៃ បិទដោយខ្លួនឯង ហើយពេលខូចផ្លែឈើ មកសុំចរចា បិទខ្លួនឯងតែពេលចង់បើកឡើងវិញ បែរមកសុំចរចា ។ ប្រទេសថៃបច្ចុប្បន្ន ប្រៀបដូចការបិទខ្ទប់ខ្លួនឯងអស់ហើយ ទាំងព្រំដែនជាមួយភូមា ឡាវ ម៉ាឡេស៊ី ជាដើម ក៏មានបញ្ហាជាមួយគ្នាដែរ ។ សម្តេច បន្តថា សម្រាប់កម្ពុជា ចង់ឱ្យព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនមិត្តភាពសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ។

ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រុមប្រឹក្សាជំរុញ ប្រជាពលរដ្ឋដាំដុះផលិតផលកសិកម្ម ប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព លើកទឹកចិត្តឱ្យមានការ ផលិតនៅក្នុងខេត្ត ផ្គត់ផ្គង់ក្នុងខេត្ត ហើយកងទ័ព នគរបាល ពលរដ្ឋចូលរួមសហការគ្នា ជំរុញពលរដ្ឋឱ្យមានការដាំដុះ ដើម្បីផ្គត់ផ្គង់កម្លាំងប្រដាប់ អាវុធនៅនឹងកន្លែងហើយក៏តាមការប៉ាន់ស្មានសម្តេចមើលឃើញថា កម្លាំងប្រដាប់អាវុធអាចតម្រូវការយូរអង្វែង ។

បន្ថែមពីនេះ ទាក់ទងការរក្សាសន្តិសុខសុវត្ថិភាពសង្គម សម្តេចតេជោ លើកឡើងថា គោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ត្រូវអនុវត្តបន្ត ព្រោះមានសារសំខាន់ខ្លាំងណាស់។ ហើយអ្នកដឹកនាំមានប្រសិទ្ធភាព គឺលោក-លោកស្រីឃុំសង្កាត់នេះហើយ ដែលត្រូវចូលរួមគ្រប់គ្រងសន្តិសុខសង្គម បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ត្រូវប្តូរផ្តាច់ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាកង្វល់រួម និងកង្វល់ដោយឡែកសម្រាប់គ្រួសារនីមួយៗ ៕