បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញឲ្យប្រទេសអ៊ីស្រាអែល លុបចោលការកាត់ទោស លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដោយសារតែ មេដឹកនាំអ៊ីស្រាអែល រូបនេះ បានព្រមឲ្យមានបទឈប់បាញ់ជាមួយអ៊ីរ៉ង់។
នៅក្នុងការបង្ហោះសារដ៏វែងមួយ នៅលើវេទិកាសង្គម Truth Social លោក ប្រធានាធិបតីអាមេរិក Donald Trump បានហៅរឿងក្តីកាត់ទោស ពីបទពុករលួយ លើលោក Netanyahu ថា ជា «ការប្រមាញ់ បែបមេធ្មប់» គួរតែ ត្រូវលុបចោល។ លោក Donald Trump បានចាត់ទុក សម្ព័ន្ធមិត្ត Netanyahu ថា ជា «នាយករដ្ឋមន្ត្រីនៃសង្គ្រាមដ៏អស្ចារ្យ» របស់អ៊ីស្រាអែល និង ជាវីរបុរសដ៏អស្ចារ្យ ដែលត្រូវលើកលែងទោស។
លោក Netanyahu ត្រូវបានតុលាការ ផ្តើមកាត់ទោស តាំងពីឆ្នាំ២០២០ តែ ការសម្រេចរបស់តុលាការ នៅមិនទាន់មាន ខណៈដែលមេដឹកនាំអ៊ីស្រាអែល រូបនេះ បានស្នើសុំពន្យារពេល ជាប់ដៃធ្វើ សង្គ្រាម នៅតំបន់ហ្គាហ្សា និង ជម្លោះនៅលីបង់។
លោក និងភរិយាឈ្មោះ Sara ត្រូវបានគេចោទប្រកាន់ថា បានទទួលយករបស់ប្រណីត មានតម្លៃជាង ២៦ម៉ឺនដុល្លារ ជាថ្នូរនឹងការអនុគ្រោះ ផ្នែកនយោបាយ។ មានករណី ពីរផ្សេងទៀត ដែលចោទប្រកាន់ថា លោក Netanyahu ប្រើឥទ្ធិពល ក្នុងប្រព័ន្ធផ្សព្វផ្សាយ តែ លោក Netanyahu បានបដិសេធ រាល់ការប្រព្រឹត្តខុស៕
Leave a Reply