មូស្គូ ៖ ប្រទេសរុស្ស៊ីបានប្រកាសថា ការផលិតប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយមធ្យមចុងក្រោយបង្អស់ទ្រង់ទ្រាយធំបាននឹងកំពុងដំណើរការ។ ទន្ទឹមគ្នា មេដឹកនាំអ៊ុយក្រែនបានទទូចឱ្យរឹតបន្តឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដើម្បីរារាំងការផលិតរបស់រុស្ស៊ី។
នៅក្នុងសុន្ទរកថាទៅកាន់និស្សិតរុស្ស៊ីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យយោធា កាលពីថ្ងៃចន្ទ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ការផលិតប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមថ្មីបំផុត Oreshnik ដែលបានបញ្ចេញអនុភាពរបស់វាយ៉ាងល្អ ក្នុងសង្គ្រាមអ៊ុយក្រែនត្រូវបានចាប់ផ្តើមជាលក្ខខណ្ឌទ្រង់ទ្រាយធំ។
កងទ័ពរុស្ស៊ីបានប្រើប្រាស់មីស៊ីល Oreshnik ជាលើកដំបូងក្នុងការប្រយុទ្ធនៅលើសមរភូមិ នៅពេលដែលវាបានវាយប្រហារទីក្រុង Dnipro ភាគខាងកើតអ៊ុយក្រែនកាលពីខែវិច្ឆិកាឆ្នាំមុន។
ទីភ្នាក់ងារចារកម្មការពារជាតិអ៊ុយក្រែននិយាយថា យោងតាមការវិភាគរបស់ខ្លួនបង្ហាញថា ល្បឿនអតិបរមារបស់មីស៊ីល Oreshnik លឿនជាងសំលេង១១ដង ឬអាចហោះក្នុងចម្ងាយលើសពី ១៣.០០០គីឡូម៉ែត្រក្នុងមួយម៉ោង។
ចារកម្មអ៊ុយក្រែនបានលើកឡើងថា ក្នុងករណីរុស្ស៊ីពន្លឿនការផលិតមីស៊ីលនេះទ្រង់ទ្រាយធំ ហើយការប្រើប្រាស់វាកើនឡើង នោះប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែននឹងពិបាកស្ទាក់ចាប់កម្ទេច ហើយហានិភ័យខូចខាតធ្ងន់ធ្ងរនឹងកើនឡើងថែមទៀត។
ស្របពេលជាមួយគ្នានេះ លោកប្រធានាធិបតី ហ្សេលេនស្គី បានអំពាវនាវឱ្យមានការរឹតបន្តឹងទណ្ឌកម្មកាន់តែទូលំទូលាយប្រឆាំងនឹងរុស្ស៊ី ហើយបានបង្ហោះសារលើបណ្តាញសង្គមកាលពីថ្ងៃចន្ទថា សម្ពាធត្រូវតែអនុវត្តចំពោះអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងផលិតកម្មមីស៊ីល Oreshnik៕
ប្រភព ៖ NHK
Leave a Reply