បណ្ដាមេដឹកនាំពិភពលោក ភ្ញាក់ផ្អើលខ្លាំងចំពោះការប៉ុនប៉ងលួចធ្វើឃាតលើលោក Donald Trump

ដំណឹងនៃការបាញ់ប្រហារប៉ុនប៉ងធ្វើឃាតក្នុងអំឡុងពេលការជួបជុំយុទ្ធនាការបោះឆ្នោតរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) កាលពីល្ងាចថ្ងៃសៅរ៍ (១៣ កក្កដា) បានធ្វើឱ្យបណ្ដាមេដឹកនាំទូទាំងទ្វីបអាមេរិក អឺរ៉ុប និងអាស៊ី ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលទំនងជានឹងផ្លាស់ប្តូរទិដ្ឋភាពនយោបាយរបស់សហរដ្ឋអាមេរិក។

ប្រតិកម្មទាំងនោះមានលាយឡំនៃភាពរន្ធត់ ភ្ញាក់ផ្អើល ព្រមទាំងភាពងឿងឆ្ងល់អំពីស្ថានភាពប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ហើយមេដឹកនាំពិភពលោក ដែលជាសម្ព័ន្ធមិត្តរបស់លោក Trump និងអ្នករិះគន់ បានថ្កោលទោសយ៉ាងក្តៅគគុកចំពោះការវាយប្រហារនេះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយនៅលើបណ្ដាញសង្គម X ថា «យើងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការវាយប្រហារលើលោក Trump។ យើងបួងសួងសុំឱ្យលោកមានសុវត្ថិភាព និងឆាប់ជាសះស្បើយ»។ នាយករដ្ឋមន្រ្តីអង់គ្លេសដែលទើបជាប់ឆ្នោតថ្មី លោក គា ស្តាមើ (Kier Starmer) បានសរសេរថា «ខ្ញុំរន្ធត់ចិត្តចំពោះហេតុការណ៍ដែលកើតលើលោក Trump ហើយយើងសូមជូនពរលោក និងក្រុមគ្រួសារឱ្យរួចផុតពីពេលវេលាដ៏លំបាកនេះ»។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បាននិយាយថា «យើងត្រូវតែឈរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងគ្រប់ទម្រង់នៃអំពើហិង្សាលើលទ្ធិប្រជាធិបតេយ្យ»។ នៅក្នុងប្រទេសចិនវិញ ការអត្ថាធិប្បាយដ៏ក្ដៅគគុកនៅលើការបង្ហោះរបស់សារព័ត៌មាន People’s Daily ដែលគ្រប់គ្រងដោយរដ្ឋបានប្រើឃ្លាថា «អាមេរិកមានសេរីភាព ហើយរៀងរាល់ថ្ងៃគឺជាការបាញ់ប្រហារ»។

ជាមួយគ្នានេះ ក្រុមអ្នករិះគន់លោក Trump ក៏បានថ្កោលទោសការវាយប្រហារនេះដែរ។ មេដឹកនាំជាច្រើនផ្សេងទៀត រួមទាំងមេដឹកនាំនៃប្រទេសហុងគ្រី កាណាដា អាហ្សង់ទីន អែលសាល់វ៉ាឌ័រ ហូឡង់ អ៊ីតាលី បារាំង វេណេហ្ស៊ុយអេឡា ប្រេស៊ីល និងអ្នកផ្សេងទៀតទូទាំងពិភពលោកក៏បានថ្កោលទោសការវាយប្រហារនេះ និងបង្ហាញពីសាមគ្គីភាព រួមទាំងការជូនពរដល់លោក Trump ឱ្យឆាប់ជាសះស្បើយ៕