រយៈពេល៧៤ឆ្នាំក្រោយកម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ មានសម្បត្តិ​វប្បធម៌​ខ្មែរ​ចំនួន​១៤​ហើយ​បាន​ចុះ​បញ្ជីចូលអង្គការយូណេស្កូ

រយៈពេល៧៤ឆ្នាំក្រោយកម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ មានសម្បត្តិ​វប្បធម៌​ខ្មែរ​ចំនួន​១៤​ហើយ​បាន​ចុះ​បញ្ជីចូលអង្គការយូណេស្កូ
ក្នុងឱកាសអបអរសាទរខួប៧៥ ឆ្នាំ ដែលកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា រយៈពេល៧៥ឆ្នាំមកនេះ សម្បត្តិ​វប្បធម៌​របស់​ខ្មែរ​ចំនួន១៤ ហើយ ដែលបានចុះបញ្ជីចូលអង្គការណូណេស្កូ ដោយក្នុងនោះ​មាន​បេតិក​ភណ្ឌ​រូបី​ចំនួន​៤ សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន៧ ខណៈបញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក​ចំនួ​ន៣​។
តាមរយៈសារអបអរសាទរខួបលើកទី៧៥ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ចាប់តាំង​ពី​កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤, សម្បតិ្តបេតិក​ភណ្ឌ​អ​រូបី ចំនួន ៧ និងបញ្ជីស្មារតីចងចាំនៃពិភពលោកចំនួន៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏​ដូច​ជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំង​ជា​ការ​ចង​ចាំនូ​វ​ប្រវត្តិ​សាស្ត្រ​របស់កម្ពុជា ដោយក្នុងនោះរួម បេតិកភណ្ឌរូបីនៃមនុស្សជាតិ ដូចជាតំបន់​រមណីយ​ដ្ឋាន​អង្គរ​ ចុះបញ្ជីនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ,ប្រាសាទ​ព្រះវិហារ​ ចុះបញ្ជីនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា, តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ចុះបញ្ជីនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ និង​រមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជីនាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត ។
បេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ ដូចជា របាំព្រះរាជទ្រព្យ ចុះបញ្ជីនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្ដន់ប៊ូល ប្រទេសតួកគី, ល្ខោនស្រមោលស្បែកធំ ចុះបញ្ជីនាថ្ងៃទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០០៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ,ល្បែងទាញព្រ័ត្រ ចុះបញ្ជីនាថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី ,ចាប៉ីដងវែង ចុះបញ្ជីនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ​ទី​ក្រុងអេតឌីសអាបាបា ប្រទេសអេត្យូពី ,ល្ខោនខោលវត្តស្វាយអណ្តែត ចុះបញ្ជីនាថ្ងៃទី២៨ ខែ​វិ​ច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វី នៃសាធារណរដ្ឋម៉ូរីស ,គុនល្បុក្កតោ ចុះបញ្ជីនាថ្ងៃទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក និងក្រមាខ្មែរ ចុះបញ្ជីនាថ្ងៃទី៤ ខែឆ្នូ ឆ្នាំ​២០២៤ នៅទីក្រុង អាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ ។
ដោយឡែកបញ្ជីស្មារតីចងចាំនៃពិភពលោក មានដូចជាបណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង ចុះបញ្ជីនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ីដថោន ប្រទេសបាបាដូស​,ឯកសារ​សំឡេង​និទានរឿងរាមកេរ្ដិ៍ ដោយតាគ្រុឌ ចុះបញ្ជីនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅ​ខេត្តខ្វាងចូវ ប្រទេសចិន និងរឿងអ៉ីណាវ បុស្សិបា ចុះបញ្ជីនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅ​ទី​ក្រុង​ប៉ារីស ប្រទេសបារាំង។ តាមរយៈសារអបអរសាទរនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕ អត្ថបទ៖ បាន ចក់