អាមេរិកមិនអាចទទួលយកបាន ក្រោយអ៊ីរ៉ង់ឈប់សហការជាមួយIAEA

បរទេស ៖ អាមេរិកបានលើកឡើងថា ការផ្អាកកិច្ចសហប្រតិបត្តិការ របស់អ៊ីរ៉ង់ ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ IAEA មិនអាចទទួលយកបាននោះទេ។

លោកស្រី Tammy Bruce អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក មានប្រសាសន៍ កាលពីថ្ងៃពុធថា «យើងនឹងប្រើពាក្យ មិនអាចទទួលយកបាន ដែលអ៊ីរ៉ង់បានជ្រើសរើស ផ្អាកកិច្ចសហប្រតិបត្តិការ ជាមួយ IAEA ព្រោះថា កិច្ចសហប្រតិបត្តិការនេះហើយ គឺជាឱកាសដើម្បីផ្លាស់ប្តូរទិសដៅ និងជ្រើសរើសផ្លូវសន្តិភាព និងវិបុលភាព»។

ទីក្រុងតេអេរ៉ង់ ទើបបានប្រកាសផ្អាកជាផ្លូវការ នូវកិច្ចសហប្រតិបត្តិការ របស់ខ្លួនជាមួយ IAEA ក្រោយរងការវាយប្រហារ ពីសំណាក់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ទៅលើកន្លែងនុយក្លេអ៊ែររបស់ខ្លួន កាលពីខែមិថុនា។

យ៉ាងណាមិញ លោកស្រី Bruce បញ្ជាក់ថា «អ៊ីរ៉ង់ត្រូវតែសហការដោយ មិនបង្អង់យូរ ជាមួយ IAEA រួមទាំង ការផ្តល់ព័ត៌មានដែលត្រូវការដើម្បីបញ្ជាក់ និងដោះស្រាយសំណួរ ដែលមានរយៈពេលយូរ ទាក់ទងនឹងសម្ភារៈនុយក្លេអ៊ែរ ដែលមិនបានប្រកាសឲ្យដឹង ក៏ដូចជា ផ្តល់សិទ្ធិចូលដំណើរការ ដោយគ្មានការរឹតត្បិត ចំពោះកន្លែងចម្រាញ់របស់ខ្លួន»។ លោកស្រីបានសង្កត់ធ្ងន់ថា «អ៊ីរ៉ង់មិនអាចនិងមិនមានអាវុធនុយក្លេអ៊ែរទេ»៕

ប្រភពពី AFP