មន្ទីរបញ្ចកោណថា អ៊ីរ៉ង់ត្រូវការ២ឆ្នាំ ទើបអាចស្តារកម្មវិធីនុយក្លេអ៊ែរវិញ

បរទេស ៖ មន្ទីរបញ្ចកោណ របស់អាមេរិក បានអះអាងថា អ៊ីរ៉ង់ត្រូវការពេល ២ឆ្នាំ ទើបអាចស្តារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីមានការវាយប្រហារ ដោយការទម្លាក់គ្រាប់បែក របស់អាមេរិក។

លោក Sean Parnell អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃពុធថា «ការវាយតម្លៃ ស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិក បង្ហាញថា ការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ កំណត់ថា កម្មវិធីបរមាណូរបស់ប្រទេសនេះ អាចត្រឡប់មកដូចដើមវិញ បាន លុះត្រាតែត្រូវចាយពេល រហូតដល់២ឆ្នាំ»។

គួររម្លឹកថា យន្តហោះទម្លាក់គ្រាប់បែក B-2 របស់អាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួនពីរ ជាមួយនឹងការបំផ្ទុះគ្រាប់បែក GBU-57 ដ៏ធំ កាលពីខែមុន ខណៈពេលដែលនាវាមុជទឹក បានដឹកនាំការវាយប្រហារ លើទីតាំងទីបី ជាមួយនឹងកាំជ្រួច Tomahawk ។

អ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាស ដែលមិនធ្លាប់មានពីមុនមក សំដៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ស្លាប់អ្នកវិទ្យាសាស្ត្រ និង មេយោធា កំពូលៗ កាលពីថ្ងៃទី ១៣ ខែមិថុនា ក្នុងគោលបំណងដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែរ។ តែ ក្រុងតេអេរ៉ង់និយាយថា ដើម្បីគោលបំណងស៊ីវិលទេ សម្រាប់កម្មវិធីនុយក្លេអ៊ែរ បើទោះបីជាទីក្រុងវ៉ាស៊ីនតោន និង មហាអំណាចផ្សេងទៀត ទទូចថា មានគោលបំណង ផលិតអាវុធបរមាណូ ក៏ដោយ៕

ប្រភពពី AFP