ក្រសួងបរិស្ថានរោងចក្រផលិត គ្រឿងបង្គុំ-បន្ទាប់បន្សំ ស្បែកជើង បញ្ឈប់ដំណើរការ​ឡដុតទាំងពីរទីតាំងក្នុងផលិតកម្មជាបន្ទាន់

(ភ្នំពេញ)៖ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន Tong Kang (Cambodia) Co., Ltd. បញ្ឈប់ដំណើរការឡដុតទាំងពីរទីតាំងក្នុងផលិតកម្មជាបន្ទាន់។

សូមបញ្ជាក់ថា ក្រុមហ៊ុន Tong Kang (Cambodia) Co., Ltd. ជាប្រភេទរោង​ចក្រផលិត គ្រឿងបង្គុំ-បន្ទាប់បន្សំ ស្បែកជើង ដែលមានអាសយដ្ឋានស្ថិតនៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងបានបង្កឱ្យមានការបំពុលខ្យល់សាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ដែលក្រសួងបរិស្ថាន បានរកឃើញ នៅ​ថ្ងៃ​ទី២១ ខែឧសភា ឆ្នាំ២០២៥ ដោយល្មើស ទៅនឹងមាត្រា ១៥៦ មាត្រា៣១២ មាត្រា៣១៣ មាត្រា៣១៤ មាត្រា៣១៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមាត្រា៥និងមាត្រា៨ នៃអនុក្រឹត្យលេខ ៤២ អនក្រ.បក ស្តីពី “ការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង”។

ក្នុងន័យនេះ ដើម្បីការពារគុណភាពខ្យល់សាធារណៈ និងទប់ស្កាត់ការបំពុលខ្យល់ ប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានឱ្យខាងតែបាន ក្រសួង​បរិស្ថាន​សម្រេច ឱ្យក្រុមហ៊ុនបញ្ឈប់ដំណើរការ ឡដុតទាំងពីរទីតាំង ក្នុងផលិតកម្មជាបន្ទាន់ ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន។ ក្នុងករណីក្រុមហ៊ុន មិនអនុវត្តតាមការសម្រេចខាងលើ ក្រសួង​បរិស្ថាន នឹងចាត់វិធានការច្បាប់ ជាធរមានបន្ថែមទៀត៕