មន្ត្រីអាជ្ញាធរការពារជាតិជាន់ខ្ពស់របស់កោះតៃវ៉ាន់ បាននិយាយថា កោះស្វ័យគ្រប់គ្រងមួយនេះបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរបស់ខ្លួននាថ្ងៃពុធ (០៩ កក្កដា) នេះ ដោយចាប់ផ្តើមជាមួយនឹងលំហាត់សមនិម្មិតការវាយប្រហារលើប្រព័ន្ធបញ្ជាការ និងហេដ្ឋារចនាសម្ព័ន្ធរបស់កោះ មុនពេលក្លែងសេណារីយ៉ូវាយក្រសោបរបស់ប្រទេសចិន។
ដំណាក់កាលដំបូងនៃសមយុទ្ធ Han Kuang ប្រចាំឆ្នាំរយៈពេលសរុប ១០ថ្ងៃនេះ នឹងផ្តោតលើការសាកល្បងពីវិធីសាស្រ្ត ដែលយោធាកោះតៃវ៉ាន់ អាចធ្វើវិមជ្ឈការបញ្ជាការក្នុងករណីមានការវាយប្រហារផ្នែកទំនាក់ទំនង។ ក្នុងពេល ១០ថ្ងៃខាងមុខ សមយុទ្ធនេះនឹងពង្រីកដើម្បីវាយតម្លៃការត្រៀមខ្លួនប្រយុទ្ធរបស់តៃវ៉ាន់ ប្រឆាំងនឹងការប៉ុនប៉ងពេញលេញក្នុងការក្រសោបយកកោះ។
សមយុទ្ធ Han Kuang ប្រចាំឆ្នាំនៅក្នុងឆ្នាំនេះ នឹងប្រមូលផ្ដុំអ្នកបម្រុងច្រើនជាងគេគឺប្រហែល ២២.០០០នាក់ ហើយក៏ជាលើកដំបូងដែលប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំចល័តខ្ពស់ថ្មី ឬហៅថា HIMARS ផលិតដោយក្រុមហ៊ុន Lockheed Martin រួមជាមួយមីស៊ីល Sky Sword ផលិតដោយកោះតៃវ៉ាន់។
ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធយោធាជុំវិញកោះក្នុងពេល ៥ឆ្នាំចុងក្រោយនេះ រួមទាំងហ្គេមសង្គ្រាមជាច្រើនជុំផងដែរ។ ទីក្រុងប៉េកាំង មិនដែលច្រានចោលការប្រើប្រាស់កម្លាំងដើម្បីនាំយកកោះនេះឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ហើយការវាយក្រសោបណាមួយលើកោះតៃវ៉ាន់ អាចបញ្ឆេះជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ៕
Leave a Reply