លោក Trump គំរាមបង្កើនសង្គ្រាមពាណិជ្ជកម្មស្របពេលមានភាពច្របូលច្របល់ជុំវិញអត្រាពន្ធថ្មី

លោក Donald Trump បានប្ដេជ្ញាថានឹងបង្កើនសង្គ្រាមពាណិជ្ជកម្មរបស់លោកបន្ថែមទៀតកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយគំរាមកំហែងពន្ធអាមេរិករហូតដល់ ២០០% លើឱសថបរទេស និង៥០% លើទង់ដែង ស្របពេលមានភាពច្របូកច្របល់យ៉ាងទូលំទូលាយជុំវិញការកែប្រែផែនការរបស់លោក។

ប៉ុន្មានម៉ោងបន្ទាប់ពីបាននិយាយថា កាលបរិច្ឆេទចុងក្រោយរបស់លោកសម្រាប់រលកថ្មីនៃពន្ធកាតព្វកិច្ចដ៏ខ្ពស់គឺ មិនរឹងមាំ១០០% ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានប្រកាសថា គ្មានការពន្យារពេលនឹងត្រូវបានផ្តល់ឱ្យលើសពីថ្ងៃទី១ ខែសីហា នោះទេ។

លោក Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាពុំមានការផ្លាស់ប្តូរកាលបរិច្ឆេទនេះទេ មួយថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើក្រឹត្យ ដែលបានផ្លាស់ប្តូរកាលបរិច្ឆេទដែលដើមឡើយគ្រោងនឹងអនុវត្តចាប់ពីថ្ងៃទី ៩ ខែកក្កដា។

គោលនយោបាយផ្លាស់ប្តូរពន្ធពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក Donald Trump បានធ្វើឱ្យបណ្ដាប្រទេសនៅតំបន់អាស៊ី មានការពិបាកជាពិសេស។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោកបានប្រកាសពីផែនការដំឡើងពន្ធចូលអាមេរិករហូតដល់ ៤០% លើទំនិញដែលនាំចូលពីប្រទេសចំនួន ១៤ រួមទាំងបង់ក្លាដែស ជប៉ុន និងកូរ៉េខាងត្បូង។ ប៉ុន្តែលោកបានពន្យារពេលផ្អាកលើការអនុវត្តន៍ពន្ធកាតព្វកិច្ច ដោយទុកពេលបីសប្តាហ៍ទៀតសម្រាប់ការចរចា។

យោងតាមលោកTrump លិខិតជាច្រើនទៀត នឹងត្រូវផ្ញើទៅកាន់ប្រទេសនានា ដោយជូនដំណឹងដល់ពួកគេអំពីអត្រាពន្ធថ្មី នៅថ្ងៃនេះ ថ្ងៃស្អែក និងរយៈពេលខ្លីខាងមុខ៕