មន្ត្រីសុខាភិបាលប៉ាឡេស្ទីន៖ មនុស្ស ៥៧ នាក់ ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សា

កងកម្លាំងអ៊ីស្រាអែលបានប្រយុទ្ធជាមួយក្រុមយុទ្ធជនដែលដឹកនាំដោយក្រុមហាម៉ាស នៅក្នុងតំបន់ជាច្រើននៃដែនដីហ្កាហ្សាស្ទ្រីបកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ហើយមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថាយ៉ាងហោចណាស់មនុស្ស ៥៧ នាក់ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូង និងកណ្តាលក្នុងដែនដីរងការឡោមព័ទ្ធមួយនេះ។

ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលថា បានបង្កើនការវាយប្រហារនៅដែនដីហ្កាហ្សា ដើម្បីព្យាយាមបង្អាក់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសម្របសម្រួលអារ៉ាប់ និងសហរដ្ឋអាមេរិក កុំឲ្យឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់។ អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងព្យាយាមបោសសម្អាតក្រុមយុទ្ធជនហាម៉ាសឲ្យដល់ឬសគល់បំណងលែងឲ្យមានទៀត។

មន្ត្រីសុខាភិបាលហ្កាហ្សាបាននិយាយថា នៅ Rafah ជាទីក្រុងព្រំដែនភាគខាងត្បូង ដែលកងកម្លាំងអ៊ីស្រាអែលបានធ្វើប្រតិបត្តិការចាប់តាំងពីខែឧសភា ជនជាតិប៉ាឡេស្ទីន ៥ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសទៅលើផ្ទះមួយខ្នង។

ពួកគេបាននិយាយថា នៅក្បែរ ទីក្រុង Khan Younis ឯណោះវិញ បុរសម្នាក់ ប្រពន្ធរបស់គាត់ និងកូនពីរនាក់ត្រូវបានសម្លាប់។

ក្រុមមន្ត្រីបាននិយាយថា ក្រោយមកនៅថ្ងៃអង្គារសប្ដាហ៍នេះ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើរថយន្តមួយគ្រឿង បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៧ នាក់ និងរបួស ២៦ នាក់ទៀតនៅ ទីក្រុង Khan Younis ភាគខាងត្បូងក្នុងដែនដីហ្កាហ្សា។

ក្រសួងសុខាភិបាលបាននិយាយថា ការវាយប្រហារតាមអាកាស បានប៉ះចំជិតតំបន់គ្របដណ្ដប់ដោយតង់លំនៅឋានជាច្រើនសម្រាប់ក្រុមគ្រួសារដែលផ្លាស់ទីលំនៅ មកស្នាក់នៅ តាមផ្លូវ Attar ក្នុងតំបន់ Al-Mawasi ដែលបង្កើតឡើងជាទីតាំងមនុស្សធម៌៕