មនុស្ស ៦នាក់ត្រូវប្រទះឃើញស្លាប់ក្នុងបន្ទប់សណ្ឋាគារក្រុងបាងកក ដោយសង្ស័យថាមកពីការបំពុល

នគរបាលថៃ កំពុងស៊ើបអង្កេតការស្លាប់របស់ជនបរទេសចំនួន ៦ នាក់ដែលសាកសពត្រូវបានប្រទះឃើញនៅក្នុងបន្ទប់សណ្ឋាគារលំដាប់ខ្ពស់មួយកន្លែងក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារ (១៦ កក្កដា) ដោយអាជ្ញាធរសង្ស័យថាពួកគេត្រូវបានបំពុល ខណៈនគរបាលក៏កំពុងស្វែងរកមនុស្សទី៧ ដែលជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ។

មន្ត្រីនគរបាលឈ្មោះ ធីទី សែងសាវ៉ាង (Thiti Saengsawang) បានប្រាប់អ្នកយកព័ត៌មានថា ជនរងគ្រោះទាំងប្រាំមួយនាក់ ដែលមានដើមកំណើតជាជនជាតិវៀតណាមហើយមានពីរនាក់កាន់លិខិតឆ្លងដែនអាមេរិកនោះ បានចូលស្នាក់នៅសណ្ឋាគារ ហ្គ្រែន ហ៊ីយ៉ាត់ អេរ៉ាវ៉ាន់ (Grand Hyatt Erawan) នៅទីក្រុងបាងកក នៅចន្លោះពេលផ្សេងគ្នា បន្ទាប់ពីទៅដល់នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

លោកបន្តថា អ្នកទាំង៦ ដែលមានបុរសបីនាក់និងស្ត្រីបីនាក់នោះ បានចូលស្នាក់នៅបន្ទប់ផ្សេងគ្នាប៉ុន្តែសាកសពរបស់ពួកគេត្រូវបានប្រទះឃើញក្នុងបន្ទប់តែមួយ ដែលមិនមានសញ្ញានៃការតស៊ូប្រតាយប្រតប់ឡើយ។ លោក ធីទី បាននិយាយថា៖ «នេះមិនមែនជាការបំពុលខ្លួនឯងទេ ប៉ុន្តែមានអ្នកណាម្នាក់ធ្វើឱ្យស្លាប់ ហើយនគរបាលកំពុងតាមដានគ្រប់ជំហានចាប់តាំងពីពួកគេចុះពីយន្តហោះមក»។

លោកបន្ថែមថា ការពិនិត្យបឋមមិនរកឃើញភ័ស្តុតាងនៃការរងរបួសទាក់ទងនឹងការវាយតប់ ឬចោរកម្មនោះទេ ប៉ុន្តែបានបង្ហាញថាអ្នកទាំង ៦នាក់នោះបានទទួលទានសារធាតុពុលម្យ៉ាង។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ដែលបានចុះទៅពិនិត្យសណ្ឋាគារនោះកាលពីល្ងាចថ្ងៃអង្គារជាមួយមន្ត្រីនគរបាលជាន់ខ្ពស់ បានបញ្ជាឱ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័សលើបញ្ហានេះ៕