ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី៖ ប្រជាពលរដ្ឋខ្មែរពិតជាបានឃើញទង្វើ ទាហាន​ឈុត​ខ្មៅរបស់ថៃ បានប៉ុនប៉ងបង្កហេតុ តាមបន្ទាត់ព្រំដែន ដែលកំពុងតែមានជម្លោះ

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរពិតជាបានឃើញទង្វើ និងសកម្មភាពនានា ដែល​ទាហានឈុតខ្មៅរបស់ថៃ បានប៉ុនប៉ងបង្កហេតុដោយយករូបបដិមាព្រះមក​តម្កល់នៅតំបន់បន្ទាត់ព្រំដែន ដែលកំពុងតែមានជម្លោះ។

សកម្មភាពនេះ និងទង្វើរដ៏គឃ្លើនផ្សេងៗទៀតនាពេលថ្មីៗនេះ បានរំលឹកបន្ថែម​ដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលជាផ្នែកមួយនៃខឿនការពារជាតិប្រជាជនថា គ្រប់កាលៈទេសៈទាំងអស់ ហានិភ័យតែងមានជាប្រចាំ។ ប្រទេសជិតខាងនេះ តែងប្រឹងបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួន ប៉ុន្តែសកម្មភាពជាក់ស្តែង ប្រាសចាក​ទាំងស្រុងពីការអះអាងរបស់ពួកគេ។ កាយវិការ និងទង្វើទាំងនេះ មិនបានបង្ហាញ​ពីចេតនាណាមួយក្នុងការបន្ធូរបន្ថយស្ថានការណ៍នោះទេ ផ្ទុយទៅវិញបែរជា​ទង្វើ​បង្កើន​នូវកម្តៅ ដែលពួកគេចង់ឆ្លៀតឱកាស។

ទង្វើ និងសកម្មភាពរបស់គេ ជាការរំលឹកនូវជំហររបស់កម្ពុជាក្នុងការដោះ​ស្រាយ​បញ្ហាទាំងអស់ដោយសន្តិវិធី ដូចដែលសម្តេចតេជោ និងសម្តេចធិបតី តែងតែបាន​លើកឡើងជាប្រចាំ និងជាបន្តបន្ទាប់។ ក្នុងនោះ ការបោះបង្គោល​ព្រំដែនជាមួយ​ភាគីថៃត្រូវប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ឈរលើមូលដ្ឋាននៃអនុស្សរណៈឆ្នាំ២០០០ និងដោយឡែក លើកលែងតែតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតា​ក្របី និងតំបន់មុំបី ដែលត្រូវការចូលរួមដោះស្រាយដោយសន្តិវិធីតាមរយៈភាគីទី៣ ពោលគឺតុលាការយុត្តិធម៌អន្តរជាតិឡាអេ (ICJ)។

ហេតុនេះ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងក្នុងនាមជាខឿនការពារ​ជាតិ​ប្រជាជន ពេលនេះ ម៉ោងនេះ យើងត្រូវចងចាំថាហានិភ័យ ការគំរាមកំហែង ការប្រមាថ ការប៉ុនប៉ងធ្វើសកម្មភាពឈ្លានពានការរំលោភបំពានមកលើបូរណភាព​ទឹកដីរបស់កម្ពុជាពីសំណាក់ប្រទេសជិតខាង តែងតែកើតមានជាប្រចាំ។ ពិសេស ស្ថានភាពថ្មីៗចុងក្រោយនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់​ទៀត​ថា យើងត្រូវតែរួបរួមសាមគ្គីគ្នាដើម្បីការពារកិត្តិយសជាតិ ការពារជាតិ ការពារ​បូរណភាពទឹកដីរបស់យើង ហើយគាំទ្ររាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការ​ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីធានានិរន្តរភាពបានយូរអង្វែង ក្នុងការដោះស្រាយបញ្ហាបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *