តៃប៉ិ ៖ កោះតៃវ៉ានបានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន នៅថ្ងៃទី៩ ខែកក្កដានេះ ក្នុងគោលបំណងហាត់សមពីរបៀបប្រើប្រាស់ជាក់ស្ដែងនូវប្រព័ន្ធមីស៊ីលដែលទើបតែទទួលបានពីអាមេរិក ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនឯង ក្នុងករណីមានការឈ្លានពានណាមួយពីសំណាក់ប្រទេសចិនដីគោក។
សារព័ត៌មាន France24 បានរាយការណ៍ថា សមយុទ្ធខ្នាតយក្សរបស់កោះតៃវ៉ាន់នេះ ត្រូវបានប្រសិទ្ធនាមថា Han Kuang នឹងប្រព្រឹត្តទៅរយៈពេល ១០ថ្ងៃ បើធៀបនឹងឆ្នាំមុន ធ្វើឡើងតែ ៥ថ្ងៃប៉ុណ្ណោះ។
រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់ លោក Wellington Koo និយាយថា សមយុទ្ធយោធានេះ នឹងបង្ហាញឱ្យពិភពលោកឃើញថា យើងមានការប្ដេជ្ញាចិត្តចំពោះ ការការពារខ្លួនឯង ហើយក៏ជាការបញ្ជូនសារមួយទៅចិនផងដែរថា យោធាតៃវ៉ាន់មានទំនុកចិត្ត និងសមត្ថភាពការពារសេរីភាព និងប្រជាធិបតេយ្យ។
ក្នុងឆ្នាំនេះ កងទ័ពបម្រុង ២២.០០០នាក់នឹងចូលរួមក្នុងសមយុទ្ធ Han Kuang ដែលកោះតៃវ៉ាន់តែងតែធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៨៤មក។ រីឯប្រព័ន្ធមីស៊ីល HIMARS ដែលតៃវ៉ាន់ទើបទទួលបានពីអាមេរិកនឹងត្រូវបានប្រើក្នុងសមយុទ្ធនេះដែរ។
រីឯកងទ័ពសកម្មតៃវ៉ាន់ រួមជាមួយនឹងកងទ័ពបម្រុងក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន ក៏ត្រូវបានដាក់ពង្រាយឱ្យចូលរួមក្នុងសមយុទ្ធនេះផងដែរ ដែលនឹងចាប់ផ្តើមប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែកក្កដាខាងមុខ។
សមយុទ្ធយោធារបស់តៃវ៉ាន់នេះទៀតសោត ធ្វើឡើងចំពេលដែលប្រទេសចិនកំពុងបង្កើនសកម្មភាពយោធានៅជុំវិញកោះមួយនេះ តាមរយៈការដាក់ពង្រាយយន្ដហោះចម្បាំង និងនាវាចម្បាំងស្ទើរតែរៀងរាល់ថ្ងៃ។
កោះតៃវ៉ាន់បានឆ្លើយតបទៅនឹងការដាក់សម្ពាធពីចិន ជាមួយនឹងការបង្កើនការចំណាយលើកញ្ចប់ថវិកាយោធា ព្រមទាំងទិញអាវុធបន្ថែម ជាពិសេសយន្តហោះដ្រូន ហើយកំពុងបង្ហាញពិភពលោក និងអាមេរិកមើលឃើញថា ខ្លួនមានភាពប្រាកដប្រជាក្នុងការពង្រឹងសមត្ថភាពយោធា៕
ប្រភព ៖ France24
Leave a Reply