រ៉ូម ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីរូបគាត់ត្រូវបានម៉ាស៊ីនយន្តហោះស្រូបចូល នៅឯអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ប្រទេសអ៊ីតាលី កាលពីថ្ងៃទី៨ ខែកក្កដា ជាអ្វីដែលអាជ្ញាធរសន្និដ្ឋានជំហានដំបូងថា អាចជាការប៉ន់ប៉ងបញ្ចប់ជីវិតខ្លួនឯង នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន New York Post។
ជនរងគ្រោះឈ្មោះ Andrea Russo វ័យ ៣៥ឆ្នាំ ដែលមិនមែនជាអ្នកដំណើរ ឬជាបុគ្គលិកនៅព្រលានយន្តហោះរូបនេះ បានគេចវេសពីការត្រួតពិនិត្យសន្តិសុខនៅព្រលានយន្តហោះ Bergamo នៃទីក្រុង Milan ប្រហែលម៉ោង ១០និង៣០នាទីព្រឹកថ្ងៃអង្គារ (ម៉ោងក្នុងតំបន់)។
ហើយត្រូវបានគេប្រទះឃើញរត់ឆ្ពោះទៅរកយន្តហោះមួយគ្រឿង នៅពេលគាត់បានស្លាប់បាត់បង់ជីវិត នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសអ៊ីតាលី ANSA។
លោក Russo ដែលមកពីទីក្រុងតូចមួយមានចម្ងាយប្រហែល ១៦គីឡូម៉ែត្រពីអាកាសយានដ្ឋាន Bergamo បើតាមសេចក្តីរាយការណ៍ គាត់ត្រូវបានម៉ាស៊ីនយន្តហោះខាងឆ្វេងស្រូបចូល ហើយយន្តហោះមួយគ្រឿងមានផ្ទុកអ្នកដំណើរចំនួន១៥៤នាក់ នេះបើយោងតាមសាក្សីដែលបានឃើញហេតុការណ៍ដ៏រន្ធត់នេះ។
យន្តហោះដែលពាក់ព័ន្ធនឹឧប្បត្តិហេតុនេះ គឺជាយន្តហោះ Airbus A319 ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Volotea ហើយគ្រោងនឹងចេញដំណើរពីអាកាសយានដ្ឋាន Bergamo ហោះឆ្ពោះទៅកាន់តំបន់ទេសចរណ៍ Asturias នៅភាគខាងជើងប្រទេសអេស្ប៉ាញ។
ក្រោយកើតមានហេតុការណ៍នេះ Bergamo ជាអាកាសយានដ្ឋានមមាញឹកបំផុតទី៣ របស់ប្រទេសអ៊ីតាលី បានផ្អាកចរាចរណ៍ជើងហោះហើរជាច្រើនជិតពីរម៉ោង។
បើតាមសេចក្តីរាយការណ៍របស់មន្រ្តីប៉ូលិស បុគ្គលឈ្មោះ Russo បានប្រើប្រាស់គ្រឿងញៀនកាលពីមុន និងធ្លាប់ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន។ យោងតាមការសន្តិដ្ឋានជំហានដំបូង អាជ្ញាធរជឿជាក់ថា លោក Russo ទំនងជាមានបំណងធ្វើអត្តឃាតខ្លួនឯង។ យ៉ាងណា ហេតុការណ៍ដ៏រន្ធត់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរក្នុងតំបន់៕
ប្រភព ៖ New York Post
Leave a Reply