[ UPDATE] ប្រភពនានា៖ ការការពារដោយសារសេវាសម្ងាត់សម្រាប់លោក Trump ត្រូវបានរឹតបន្តឹងនៅមុនការប៉ុនប៉ងធ្វើឃាតដោយសារមានការគំរាមពីអ៊ីរ៉ង់

យោងតាមមន្ត្រីបីនាក់ដែលដឹងពីបញ្ហានេះ សេវាសម្ងាត់របស់សហរដ្ឋអាមេរិកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបង្កើនព័ត៌មានលម្អិតសន្តិសុខរបស់លោក Donald Trump ដោយសារចារកម្មសម្ងាត់បង្ហាញថាមានការគំរាមកំហែងរបស់អ៊ីរ៉ង់ក្នុងការធ្វើឃាតអតីតប្រធានាធិបតីរូបនេះ ។

មិនមានការបញ្ជាក់ណាមួយថា ផែនការនេះពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតប្រឆាំងនឹងអតីតប្រធានាធិបតីកាលពីថ្ងៃសៅរ៍នោះទេ។

ប្រភពបានលើកឡើងថា អ៊ីរ៉ង់ បាននិងកំពុងធ្វើសកម្មភាពគំរាមកំហែងប្រភេទនេះ ចាប់តាំងពីការធ្វើឃាតមន្ត្រីយោធាអ៊ីរ៉ង់ លោក កាសេម សូឡេម៉ានី(Qasem Soleimani)កាលពីខែមករា ឆ្នាំ២០២០។

យោងតាមតំណាងរបស់ប្រទេសអ៊ីរ៉ង់ប្រចាំនៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ការចោទប្រកាន់ទាំងនេះគ្មានមូលដ្ឋាននិងលម្អៀង។ តាមទស្សនៈរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លោក Trump គឺជាឧក្រិដ្ឋជនដែលគួរតែត្រូវបានកាត់ទោស និងផ្តន្ទាទោសនៅក្នុងតុលាការសម្រាប់ការបញ្ជាឱ្យធ្វើឃាតឧត្តមសេនីយ៍ Soleimani ។

យោងតាមមន្ត្រីរដ្ឋបាលម្នាក់បានឲ្យដឹងថា ការគំរាមកំហែងដែលចេញមកពីប្រទេសអ៊ីរ៉ង់លើលោក Trump និងក្រុមមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក បន្ទាប់ពីការវាយប្រហារដោយយោធាដែលបានសម្លាប់លោក Soleimani ពុំដែលរលាយបាត់នោះទេ ប៉ុន្តែចារកម្មសម្ងាត់ដែលបានប្រមូលផ្តុំក្នុងប៉ុន្មានខែថ្មីៗនេះបង្ហាញថា របបអ៊ីរ៉ង់អាចនឹងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើការអនុវត្តផែនការប្រឆាំងលោក Trump ។មន្ត្រីរូបនោះបានបញ្ជាក់ជាថ្មីថា គេនៅពុំទាន់ដឹងទេថា តើប្រទេសអ៊ីរ៉ង់ ឬភ្នាក់ងារណាមួយរបស់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយនឹងយុវជន Thomas Matthew Crooks ដែលជាអ្នកបាញ់ប្រហារលោកTrump នៅឯការប្រមូលផ្តុំកាលពីថ្ងៃសៅរ៍នៅទីក្រុង Butler រដ្ឋ Pennsylvania នោះឬអត់៕