បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើង ប្រាប់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៨ ខែកក្កដា ថា កូរ៉េខាងត្បូងគួរតែចេញលុយថ្លៃការពារឲ្យក្រុមទាហានអាមេរិក ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ហើយថែមទាំងអះអាងថា រដ្ឋាភិបាលក្រុងសេអ៊ូល គួរតែចំណាយ សម្រាប់វិស័យការពារជាតិ ខ្លួនឯង។
ទីភ្នាក់ងារព័ត៌មាន Reuters បានចេញផ្សាយថា បំណងរបស់លោក Trump ត្រូវបានបង្ហាញឲ្យដឹង នៅក្រោយ១ថ្ងៃ ដែលលោកបានព្រមានថា គ្រោងនឹងតំឡើងពន្ធ ២៥ភាគរយ លើការនាំចូលទំនិញ របស់កូរ៉េខាងត្បូង។ លោក Trump បានអះអាងថា ការចំណាយលុយ របស់កូរ៉េខាងត្បូង ក្នុងទំហំនេះ
ក៏ជាផ្នែកមួយ នៃការចរចាពាណិជ្ជកម្ម ផងដែរ។
លោក Trump បានប្រាប់ថា ជារឿងអយុត្តិធម៌ណាស់ ដែលអាមេរិក ផ្គត់ផ្គង់យោធា ដល់ប្រទេសជាច្រើន ក្នុងនោះ លោកអះអាងថា
កូរ៉េខាងត្បូង កំពុងរកលុយបានច្រើន ខ្លាំងណាស់ ហើយបើសេដ្ឋកិច្ចល្អខ្លាំងហើយ កូរ៉េខាងត្បូង គួរតែចំណាយ សម្រាប់យោធា របស់អាមេរិក។
លោក Trump ក៏បានរម្លឹកដែរថា អំឡុងអាណត្តិដំបូង លោកក៏ធ្លាប់ ស្នើឱ្យកូរ៉េខាងត្បូង បង់ប្រាក់បន្ថែម សម្រាប់វត្តមានរបស់កងកម្លាំងសហរដ្ឋអាមេរិក ផងដែរ ប៉ុន្តែ អ្នកកាន់តំណែងមុន គឺ អតីតប្រធានាធិបតី Joe Biden “បានលុបចោល” កិច្ចព្រមព្រៀងវិញ នេះ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង បានទទួលវត្តមានកងទ័ពអាមេរិក ដល់ប្រហែល២៨,៥០០នាក់ ដែលជាកេរ្តិ៍ដំណែល សង្គ្រាមកូរ៉េ ឆ្នាំ ១៩៥០ ដល់ ១៩៥៣។
យ៉ាងណាមិញ នៅមុនការបោះឆ្នោត ក្នុងសហរដ្ឋអាមេរិក កាលពីឆ្នាំមុន កូរ៉េខាងត្បូង និង រដ្ឋបាល Biden បានចុះកិច្ចព្រមព្រៀងថ្មី រយៈពេល៥ឆ្នាំ ដែលតម្រូវឲ្យទីក្រុងសេអ៊ូល ចំណាយ ១.៤៧ពាន់លានដុល្លារ ក្នុងឆ្នាំដំបូង ដើម្បីរក្សា វត្តទាហានអាមេរិក ៨.៣%។
ជាមួយគ្នានេះ កូរ៉េខាងត្បូង កំពុងពឹងផ្អែក លើឆ័ត្រនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក សម្រាប់ការការពារប្រឆាំងនឹង កូរ៉េខាងជើង, ចិន និង រុស្ស៊ី ផងដែរ៕
ប្រភពពី Reuters
Leave a Reply