អាមេរិកចាប់ខ្លួនបុរសម្នាក់ពីបទគំរាមសម្លាប់លោក Trump

តិចសាស់ ៖ ក្រសួងយុត្តិធម៌និយាយថា បុរសនៅរដ្ឋតិចសាស់ម្នាក់ត្រូវចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ពីបទគំរាមសម្លាប់លោកប្រធានាធិបតី Donald Trump។

ការគំរាមនេះកើតឡើងមួយថ្ងៃមុនពេលលោកប្រធានាធិបតី Trump ទៅកាន់រដ្ឋតិចសាស់ នៅក្នុងថ្ងៃសុក្រ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋ ដែលរងការបំផ្លិចបំផ្លាញដោយទឹកជំនន់ដ៏អាក្រក់បំផុតនាពេលថ្មីៗនេះ។

ជនសង្ស័យរូបនេះ មានឈ្មោះ Robert Herrera វ័យ ៥២ឆ្នាំ ត្រូវបានចាប់ខ្លួនបន្ទាប់ពីរូបគេបានខំមិនសារគំរាមនៅលើទំព័រ Facebook របស់សារព័ត៌មានក្នុងស្រុកមួយ ដែលបង្ហោះអំពីដំណើរទស្សនកិច្ចរបស់លោក Trump ទៅកាន់រដ្ឋតិចសាស់ ដែលរងគ្រោះទឹកជំនន់។

ក្នុងអត្ថន័យខំមិននោះ ជនសង្ស័យបានប្រើប្រាស់ខ្លឹមសារគំរាមធ្វើឃាតលោក Trump ដោយបង្ហោះសារភ្ជាប់ជាមួយរូបភាពលោក Trump ត្រូវបានគេបាញ់ចំត្រចៀកកាលពីឆ្នាំ២០២៤ នៅទីក្រុងButler រដ្ឋPennsylvania។

សូមរម្លឹកថា លោកប្រធានាធិបតី Trump បានរួចផុតជីវិតពីការប៉ុនប៉ងធ្វើឃាតម្តងរួចមកហើយ នៅឯការប្រមូលផ្តុំមួយនៅទីក្រុង Butler កាលពីខែកក្កដាឆ្នាំមុន ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់គាត់។

ខ្មាន់កាំភ្លើងបានបាញ់លោកប្រធានាធិបតីចំត្រចៀក សម្លាប់អ្នកគាំទ្រម្នាក់ និងពីរនាក់ទៀតរងរបួស មុនពេលត្រូវបានបាញ់សម្លាប់ដោយសេវាកម្មសម្ងាត់របស់អាមេរិក៕

ប្រភព ៖ RT