រុស្ស៊ីព្រមានអាមេរិកមិនឲ្យបង្កើតសម្ព័ន្ធភាពសន្តិសុខប្រឆាំងកូរ៉េខាងជើង

ព្យុងយ៉ាង ៖ ប្រមុខការទូតរុស្ស៊ី នៅថ្ងៃទី១២ ខែកក្កដា បានព្រមានប្រឆាំងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដែលប៉ន់ប៉ងបង្កើតភាពជាដៃគូសន្តិសុខសំដៅប្រឆាំងនឹងកូរ៉េខាងជើង។

ការព្រមាននេះកើតឡើងស្របពេលដែលសម្ព័ន្ធមិត្តមានអាវុធនុយក្លេអ៊ែរក្នុងដៃទាំងពីរនេះ ពិភាក្សាពីការពង្រឹងថែមទៀតលើវិស័យយោធា និងកិច្ចសហប្រតិបត្តិការផ្សេងទៀត ខណៈភាគីរុស្ស៊ីកំពុងជាប់ដៃប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជួបជាមួយប្រមុខការទូតកូរ៉េខាងជើង រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានចោទប្រកាន់អាមេរិក កូរ៉េខាងត្បូង និងជប៉ុនថា កំពុងពួនសំងំបង្កើតយោធាប្រឆាំងនឹងកូរ៉េខាងជើង។

លោកថា យើងព្រមានប្រឆាំងនឹងការកេងប្រវ័ញ្ចទំនាក់ទំនងនេះ ដើម្បីបង្កើតសម្ព័ន្ធមិត្តដែលសំដៅប្រឆាំងនឹងនរណាម្នាក់ រួមទាំងប្រទេសកូរ៉េខាងជើង និងរុស្ស៊ី។

នៅថ្ងៃទី១២ ខែកក្កដា ប្រទេសទាំងបីបានធ្វើសមយុទ្ធដែនអាកាសរួមគ្នា ដែលពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែក មានសមត្ថភាពវាយប្រហារនុយក្លេអ៊ែររបស់អាមេរិកនៅជិតឧបទ្វីបកូរ៉េ ខណៈមន្ត្រីយោធាកំពូលរបស់ពួកគេបានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល និងបានជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដែលគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។

សម្រាប់កូរ៉េខាងជើងតែងតែចាត់ទុកសមយុទ្ធយោធាធំៗ ដែលដឹកនាំដោយ អាមេរិកថា ជាការហាត់សមការឈ្លានពាន។ លើសពីនេះ របបលោក គីម ជុងអ៊ុន បានអះអាងជាយូរមកហើយ ថា ខ្ខ្លួនត្រូវបានគេបង្ខំឱ្យបង្កើតអាវុធនុយក្លេអ៊ែរ ដដើម្បីទុកការពារខ្លួនពីការគំរាមកំហែងផ្នែកយោធារបស់អាមេរិក៕

ប្រភព ៖ AP