មេ UN ឲ្យលោក ត្រាំ គោរពច្បាប់អន្តរជាតិ ជុំវិញសង្គ្រាមអ៊ុយក្រែន

បរទេស ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានជំរុញឱ្យសហរដ្ឋអាមេរិក គោរតាមច្បាប់អន្តរជាតិ ក្នុងការជំរុញសន្តិភាព នៅប្រទេសអ៊ុយក្រែន។

លោក Antonio Guterres បានលើកឡើងបែបនេះ ឆ្លើយតបទៅនឹងការគំរាមកំហែង របស់ប្រធានាធិបតីអាមេរិក លោក Trump ក្នុងការដាក់ទណ្ឌកម្មលើប្រទេស រុស្ស៊ី ប្រសិនបើគ្មានកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន ត្រូវបានសម្រេច ក្នុងរយៈពេល៥០ថ្ងៃ ដោយលោកនិយាយថា សកម្មភាពណាមួយ «ត្រូវតែស្របតាមច្បាប់អន្តរជាតិ»។

គួរបញ្ជាក់ថា លោក ប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃទី១៤ ខែកក្កដា បានប្រកាស ទុកពេល ៥០ថ្ងៃ ឲ្យរុស្ស៊ីដោះស្រាយសង្គ្រាមអ៊ុយក្រែន បើមិនដូច្នេះទេ ត្រូវប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចថ្មី ដ៏ធំបំផុត មិនធ្លាប់មាន។

លោក Donald Trump បានអះអាងដែរថា សហរដ្ឋអាមេរិកនឹងបញ្ជូនអាវុធជាច្រើន ទៅឲ្យប្រទេសអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងជាមួយ អង្គការអន្តរជាតិ ណាតូ។ លោកបានអះអាងថា «ជាឧបករណ៍យោធា តម្លៃរាប់ពាន់លានដុល្លារ ដែលនឹងទិញពីសហរដ្ឋអាមេរិក បញ្ជូនទៅកាន់ណាតូ… ហើយ ត្រូវបានចែកចាយបន្ត យ៉ាងឆាប់រហ័ស ទៅកាន់សមរភូមិ»៕

ប្រភពពី AFP