ជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ជឺជីតស៊ូ កម្ពុជា បង្ហាញការភ្ញាក់ផ្អើលដល់ប្រទេសក្នុងតំបន់

ជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ជឺជីតស៊ូ កម្ពុជា បង្ហាញការភ្ញាក់ផ្អើលដល់ប្រទេសក្នុងតំបន់

(ភ្នំពេញ)៖ អត្តពលិកកីឡាជឺជីតស៊ូកម្ពុជាបានធ្វើដំណើរមាតុភូមិនិវត្តមកដល់កម្ពុជាវិញហើយ បន្ទាប់ពីចូលរួមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន ពីថ្ងៃទី១២ ដល់ ទី១៣ ខែកក្តដា ឆ្នាំ២០២៥ ដោយនាំយកនូវមេដាយជូនជាតិសរុប២៩គ្រឿង។

ថ្លែង ក្នុងដំណើរមកដល់ នាឱកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ថោង បញ្ញាធន ប្រធានស្តីទី សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា សមិទ្ធផលដែលកម្ពុជាដណ្តើមនេះ បានធ្វើឱ្យប្រទេសចូលរួមនៅក្នុងតំបន់បានបង្ហាញការភ្ញាក់ផ្អើល ដោយកោតសសើរអត្តពលិកកម្ពុជាថា មានការរីកចម្រើនលឿន ហើយបានចាត់ទុកកម្ពុជាជាប្រទេសមួយជាឧបសគ្គមិនអាចមើលស្រាលបាន។

ឯកឧត្តម ប្រធានស្តីទីបានបញ្ជាក់ទៀតថា ការប្រជែងដណ្តើមមេដាយលើកនេះ សមិទ្ធផលដែលកម្ពុជាដណ្តើមបាន បានបង្ហាញថា គឺមានទាំងមរិមាណនិងគុណភាព ហើយលទ្ធផលវិជ្ជាមានទាំងនេះ ជាសញ្ញាមួយដ៏ល្អក្នុងជំហានឆ្ពោះទៅប្រជែងមេដាយនៅក្នុងព្រឹត្តិការណ៍ពិភពលោកនៅថៃ និងកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាអំឡុង ខែ ធ្នូ ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាជឺជីតស៊ីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ថ្នាក់តំបន់ឆ្នាំ២០២៥នេះ មានប្រទេសចូលរួមចំនួន១០ប្រទេស ដោយប្រទេសវៀតណាមឈរនៅចំណាត់លេខ១ មេដាយសរុប២២៨គ្រឿង មេដាយមាស៨៤ មេដាយ៧០និងមេដាយសំរឹទ្ធ៧៤គ្រឿង។ប្រទេសហ្វីលីពីនម្ចាស់ផ្ទះឈរនៅចំណាត់លេខ២ មានមេដាយសរុប ១០៨គ្រឿង មេដាយមាស ៣៤ មេដាយប្រាក់ ៣៥ និងមេដាយសំរឹទ្ធ ៣៩គ្រឿង។ ឈរនៅចំណាត់លេខ៣ ប្រទេសថៃមានមេដាយសរុបចំនួន៣៣គ្រឿង មេដាយមាស ១៧គ្រឿង មេដាយប្រាក់ ៨ និង មេដាយសំរឹទ្ធ ៨គ្រឿង។ឈរនៅចំណាត់លេខ៤ប្រទេសសឹង្ហបុរីមានមេដាយសរុប ៤៨គ្រឿង មេដាយមាស ១០គ្រឿង មេដាយប្រាក់ចំនួន១៦គ្រឿង និងមេដាយសំរឹទ្ធ២២គ្រឿង ខណៈកម្ពុជាឈរនៅក្នុងចំណាត់ថ្នាក់លេខ៥ ដែលមានមេដាយសរុបចំនួន២៩គ្រឿង មេដាយមាស ៩គ្រឿង មេដាយប្រាក់៨គ្រឿង និងមេដាយសំរឹទ្ធ ១២គ្រឿង៕