ចិនថ្កោលទោសលោក ត្រាំ យ៉ាងខ្លាំង ក្រោយគំរាមទម្លាក់ទណ្ឌកម្មដ៏ធំលើដៃពាណិជ្ជកម្មរុស្ស៊ី

ប៉េកាំង ៖ ប្រទេសចិនបានចេញមុខថ្កោលទោសយ៉ាងខ្លាំង និងរិះគន់ចំៗលើលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលទើបប្រកាសគំរាមទម្លាក់ពន្ធដល់ទៅ ១០០ភាគរយលើដៃគូពាណិជ្ជកម្ម និងសម្ព័ន្ធមិត្តរបស់រុស្ស៊ី ដោយនិយាយថា ទង្វើនេះជាការបង្ខិតបង្ខំ និងជាទណ្ឌកម្មឯកតោភាគីខុសច្បាប់។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន បាននិយាយក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃទី១៥ ខែកក្កដាថា ប្រទេសចិនថ្កោលទោសយ៉ាងខ្លាំងចំពោការបង្ខិតបង្ខំដោយអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងដៃគូពាណិជ្ជកម្មដែលនៅសេសសល់របស់រុស្ស៊ី បើសិនទីក្រុងមូស្គូមិនដោះស្រាយសង្គ្រាមអ៊ុយក្រែនក្នុងរយៈពេល ៥០ថ្ងៃទេនោះ។

លោក លីន ជាន វ័យ៤៨ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ចិនធ្លាប់បានអះអាងថា ខ្លួនមានអព្យាក្រឹតភាពក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទោះបីជាខ្លួនមិនដែលថ្កោលទោសយុទ្ធនាការយោធារយៈពេលជាងបីឆ្នាំរបស់រុស្ស៊ី ហើយក៏មិនអំពាវនាវឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនក៏ដោយ។ យ៉ាងណា សម្ព័ន្ធមិត្តអ៊ុយក្រែនជាច្រើនជឿថា ទីក្រុងប៉េកាំងបានផ្តល់ការគាំទ្រដល់ទីក្រុងមូស្គូ បើទោះបីជាចិនបានប្រកាសច្រានចោលជាច្រើនលើកច្រើនសារក៏ដោយ។

ប្រតិកម្មធ្ងន់ៗរបស់ចិន កើតឡើងស្របពេលដែលទីក្រុងប៉េកាំងបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់រុស្ស៊ីកាលពីឆ្នាំមុន ដោយមានទំហំពាណិជ្ជកម្មសរុបច្រើនជាង ៣៤ភាគរយ តាមពីក្រោយដោយប្រទេសឥណ្ឌា តួកគី និងបេឡារុស នេះបើតាមរបាយការណ៍របស់សេវាគយសហព័ន្ធរុស្ស៊ី។