យុវជនអាហ្វហ្គានីស្ថានជាង ២.៣០០នាក់ស្ម័គ្រចិត្តចូលបម្រើយោធា

កាប៊ុល ៖ ក្នុងនាមជាសសរទ្រូងប្រទេសជាតិ យុវជនអាហ្វហ្គានីស្ថានសរុបចំនួន ២.៣១៣នាក់បានស្ម័គ្រចិត្តចូលរួមជាមួយកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន បន្ទាប់ពីបានបញ្ចប់ការហ្វឹកហ្វឺនយោធារយៈពេលពីរថ្ងៃ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៥ ខែកក្កដា។

បើតាមក្រសួងការពារជាតិអាហ្វហ្គានីស្ថាន, យុវជនទាំងនោះបានទទួលការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈយោធា និងមនោគមវិជ្ជានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនក្រោមកងវរសេនាធំ Al-Fatah ទី២០៩ នៅភាគខាងជើង អង្គភាព Al-Farooq ទី២០៧ នៅភាគខាងលិច និងអង្គភាព Omari ទី២១៧។

យោងតាមស្ថានការណ៍នាពេលបច្ចុប្បន្ន ក្រសួងការពារជាតិអាហ្វហ្គានីស្ថានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិជ្ជាជីវៈ និងវិន័យក្នុងចំណោមការជ្រើសរើសមន្រ្តីថ្មី ដោយពិពណ៌នាអំពីការជ្រើសរើសកងកម្លាំងថ្មីនេះថា ជាជំហានមួយឆ្ពោះទៅមុខ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខរបស់ប្រទេសអាហ្វហ្គានីស្ថាន។

ចាប់តាំងពីឡើងកាន់អំណាចក្នុងខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្គានីស្ថាន មានគោលបំណងបង្កើតកងទ័ពជាតិ ដោយបង្កើនគោលដៅជ្រើសរើសពី ១៥០.០០០ ទៅ ១៧០.០០០នាក់ ជាមួយនឹងគោលដៅសក្តានុពល ២០០.០០០នាក់ អាស្រ័យលើលក្ខខណ្ឌមួយចំនួន៕

ប្រភព ៖ ស៊ីនហួរ