[UPDATE] អ្នកស្លាប់ឡើងដល់យ៉ាងតិច ៦០នាក់ និងច្រើននាក់បាត់ខ្លួន ក្នុងអគ្គិភ័យដ៏ធំនៅផ្សារទំនើបប្រទេសអ៊ីរ៉ាក់

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ INA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (១៧ កក្កដា) នេះដោយយោងសម្អាងដល់អាជ្ញាធរសុខាភិបាល និងប្រភពពីនគរបាលថា មនុស្សយ៉ាងតិច ៦០នាក់ បានស្លាប់ ប្រមាណជាង ១០នាក់បន្តបាត់ខ្លួន និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងអគ្គិភ័យដ៏ធំនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងទីក្រុង al-Kut ភាគខាងកើតប្រទេសអ៊ីរ៉ាក់។

វីដេអូដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅលើអគារផ្សារកម្ពស់ ៥ជាន់មួយកន្លែងនៅក្រុង Kut ខេត្ត Wasjit ពេញមួយយប់ ខណៈក្រុមពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់អណ្ដាតភ្លើង។

INA រាយការណ៍ថា មូលហេតុនៃការឆេះនេះមិនត្រូវបានគេដឹងភ្លាមៗទេ ដោយអភិបាលខេត្ត Wasjit លោក Mohammed al-Mayahi បាននិយាយថា លទ្ធផលដំបូងពីការស៊ើបអង្កេតនឹងត្រូវបានប្រកាសក្នុងពេល ៤៨ម៉ោងខាងមុខ ហើយអ្នកពន្លត់អគ្គិភ័យបានសង្គ្រោះមនុស្សមួយចំនួន និងពន្លត់ភ្លើងបានទាំងស្រុង។

លោក Mayahi បានបន្តថា អគ្គិភ័យបានឆាបឆេះផ្សារទំនើប និងភោជនីយដ្ឋានមួយ ក្នុងពេលក្រុមគ្រួសារកំពុងទទួលទានអាហារពេលល្ងាច ដើរទិញឥវ៉ាន់ ខណៈពេលនេះ បុគ្គលិកបន្តស្វែងរកអ្នកបាត់ខ្លួនក្នុងកម្ទេចកម្ទី។ ការកាន់ទុក្ខរយៈពេល ៣ថ្ងៃត្រូវបានប្រកាស ហើយការស៊ើបអង្កេតផ្លូវការមួយត្រូវបានចាប់ផ្តើម៕