កៀវ ៖ រុស្ស៊ីបានបញ្ជូនយន្តហោះដ្រូនរាប់រយគ្រឿងទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំបំផ្លាញទីក្រុងជាច្រើនស្ថិតនៅស្រុកកំណើតលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ស្ទើរពេញមួយយប់កាលពីថ្ងៃពុធម្សិលមិញ។
ការវាយលុកដុតកំឡោចស្រុកកំណើតលោកប្រធានាធិបតី ហ្សេលេនស្គី ជាថ្មីនេះ រុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនហោះចម្ងាយឆ្ងាយប្រហែល ៤០០គ្រឿង និងមីស៊ីលផ្លោងមួយគ្រាប់ ដែលនេះគឺជាចំនួនដ៏ធំបំផុតក្នុងសប្តាហ៍នេះ នេះបើតាមការបញ្ជាក់របស់កងទ័ពអាកាសអ៊ុយក្រែន។
ទីក្រុងរងគ្រោះរួមមាន Kryvyi Rih, Kharkiv និង Vinnytsia និងផ្នែកខ្លះនៃតំបន់ Odesa បានទទួលរងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរបំផុត ខណៈដែលកងទ័ពអាកាសអ៊ុយក្រែននិយាយថា យន្តហោះគ្មានមនុស្សបើកចំនួន ៣៤៥គ្រឿងត្រូវបានបាញ់ទម្លាក់។
លោកប្រធានាធិបតី ហ្សេលេនស្គ បានសរសេរសារលើបណ្តាញសង្គម X ថា រុស្ស៊ីមិនផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនទេ ដូច្នេះដើម្បីទប់ទល់នឹងភេរវកម្មនេះឱ្យមានប្រសិទ្ធភាព យើងត្រូវពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់យើង។
មន្ត្រីក្នុងតំបន់បានឱ្យដឹងថា មនុស្ស ៥នាក់បានបាត់បង់ជីវិត បន្ទាប់ពីការបាញ់ផ្លោង ក្នុងនោះ ៣នាក់ស្លាប់នៅក្នុងតំបន់ Sumy និង ២នាក់ទៀតស្លាប់នៅ Kharkov ខណៈ ៣៨នាក់ទៀតរងរបួសក្នុងរយៈពេល ២៤ម៉ោងមុន។
ការវាយប្រហារទ្រង់ទ្រាយធំចុងក្រោយបង្អស់របស់រុស្ស៊ីលើអ៊ុយក្រែន កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការផ្លាស់ប្តូរគោលនយោបាយនៃរដ្ឋបាលលោក ដូណាល់ ត្រាំ ពីការផ្អាកមកជាជួយជំនួយសព្វាវុធវិញ នៅពេលលោកប្រធានាធិបតី ត្រាំ ខកចិត្តកាន់តែខ្លាំងឡើងជាមួយមេដឹកនាំរុស្ស៊ី លោក ពូទីន៕
ប្រភព ៖ cnn
Leave a Reply