អ៊ុយក្រែនផ្អាកចូលរួមសន្ធិសញ្ញាប្រឆាំងការប្រើប្រាស់គ្រាប់មីន

កៀវ ៖ ប្រទេសអ៊ុយក្រែន នៅថ្ងៃទី១៥ ខែកក្កដា បានប្រកាសជាផ្លូវការនូវការផ្អាកចូលរួមសន្ធិសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។ ការផ្អាកនេះ នឹងមានរយៈពេលរហូតដល់បញ្ចប់ជម្លោះជាមួយរុស្ស៊ីទាំងស្រុង។

ក្រិត្យនេះត្រូវបានអនុម័តដោយសភាអ៊ុយក្រែន និងចុះហត្ថលេខាឱ្យចូលជាច្បាប់ភ្លាមៗដោយលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។ មេដឹកនាំអ៊ុយក្រែនវ័យ៤៧ឆ្នាំរូបនេះ បាននិយាយថា មូលហេតុដែលអ៊ុយក្រែនផ្អាកចូលរួមជាបណ្តោះអាសន្នក្នុងសន្ធិសញ្ញាទីក្រុងអូតាវ៉ា ពីព្រោះវាជារឿងចាំបាច់ ដែលអ៊ុយក្រែនត្រូវតែដើរតាមរុស្ស៊ី។ រុស្ស៊ី អាមេរិក ចិន និងប្រទេសមួយចំនួនទៀត មិនធ្លាប់ក្លាយជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញានេះទេ។

ទន្ទឹមគ្នា សារព័ត៌មាន RT របស់រុស្ស៊ីបានចោទប្រកាន់ថា អ៊ុយក្រែនមិនដែលអនុលោមតាមសន្ធិសញ្ញាទីក្រុងអូតាវ៉ាឱ្យបានពេញលេញទេ ដោយសារទីក្រុងកៀវមិនបានបំផ្លាញឃ្លាំងស្តុកគ្រាប់មីនប្រឆាំងមនុស្សយ៉ាងច្រើន ដែលខ្លួនបានទទួលមរតក បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។

ជាក់ស្តែង កងកម្លាំងអ៊ុយក្រែនកំពុងប្រើប្រាស់អាវុធហាមឃាត់យ៉ាងសកម្មចាប់តាំងពីដំណាក់កាលដំបូងនៃជម្លោះនៅតំបន់ Donbass ដែលបានផ្ទុះឡើងបន្ទាប់ពីរដ្ឋប្រហារ Maidan ឆ្នាំ២០១៤។

មានសមាជិកចំនួនជាង១៦០ប្រទេស សន្ធិសញ្ញាទីក្រុងអូតាវ៉ា បានបង្កើតឡើងនៅឆ្នាំ១៩៩៧ សំដៅហាមឃាត់មិនឱ្យផលិត មិនឱ្យស្តុកទុក និងមិនឱ្យផ្ទេររំលែកឬប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។ អ៊ុយក្រែនបានចូលរួមក្នុងសន្ធិសញ្ញានេះក្នុងឆ្នាំ១៩៩៩ និងបានផ្តល់សច្ចាប័នវាក្នុងឆ្នាំ២០០៥។

នៅលើពិភពលោក ៨៤% នៃជនរងគ្រោះដោយមីនជាជនស៊ីវិល។ ហេតុដូច្នេះហើយ បានជាអាមេរិករងការរិះគន់យ៉ាងខ្លាំង នៅពេលប្រកាសផ្តល់ជំនួយជាគ្រាប់មីនប្រឆាំងមនុស្សដល់អ៊ុយក្រែនកាលពីខែវិច្ឆិកា ឆ្នាំ២០២៤៕

ប្រភព ៖ AFP