បរទេស៖ រដ្ឋបាលរបស់លោក Trump បានប្រាប់ឲ្យប្រទេសអ៊ីស្រាអែល ស៊ើបករណីភេរវកម្ម បន្ទាប់ពីជនជាតិអាមេរិកម្នាក់ ត្រូវបានសម្លាប់ នៅតំបន់ West Bank កាលពីពេល ថ្មីៗនេះ។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Nbc News កាលពីថ្ងៃទី១៦ ខែកក្កដា លោក Mike Huckabee ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអ៊ីស្រាអែល បានទាមទារឲ្យ ប្រទេសអ៊ីស្រាអែល ស៊ើបអង្កេត យ៉ាងហ្មត់ចត់ ចំពោះឃាតកម្មលើជនជាតិអាមេរិក ឈ្មោះ Sayfollah Musallet អាយុ២០ឆ្នាំ ដែលត្រូវបានវាយដំ រហូតដល់ស្លាប់ ដោយអ្នកតាំងលំនៅ អ៊ីស្រាអែល ក្នុងតំបន់ West Bank នៅក្បែរនឹងតំបន់ Gaza ដែលកំពុងផ្ទុះសង្គ្រាម។
លោក Mike Huckabee បានអះអាង តាមរយៈបណ្តាញសង្គម X ថា «ត្រូវតែមានការទទួលខុសត្រូវ ចំពោះអំពើឧក្រិដ្ឋកម្ម និង អំពើភេរវកម្ម»។
គួររម្លឹកថា លោក Musallet បានធ្វើដំណើរ ចាកចេញពីផ្ទះ នៅក្នុងរដ្ឋ Florida ដើម្បីទៅលេងម្តាយ បងប្រុស និង បងស្រី នៅតំបន់ West Bank ដែលកាន់កាប់ ដោយអ៊ីស្រាអែល។
យោងតាមក្រសួងការបរទេស ប៉ាឡេស្ទីន បានឱ្យដឹងថា លោក Musallet ត្រូវបានសម្លាប់ ជាមួយនឹងបុរសម្នាក់ទៀត ឈ្មោះ Mohammed al-Shalabi អាយុ ២៣ឆ្នាំ ដែលត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃសុក្រ សប្តាហ៍មុន។ គេមិនទាន់ដឹងច្បាស់អំពីដើមចម ដែលឈានដល់ ការស្លាប់បុរស ទាំងពីរនាក់ នោះទេ។
ប៉ុន្តែ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេត ដោយអះអាងថា ការប្រឈមមុខដាក់គ្នាដោយហិង្សា បានកើតឡើង បន្ទាប់ពីមានភេរវករ បានគប់ដុំថ្ម ទៅលើជនស៊ីវិល អ៊ីស្រាអែល។
ការសម្លាប់បុរស ទាំងពីរនាក់ បានកើតមានឡើង ចំពេលមានការកើនឡើងយ៉ាងខ្លាំង ក្នុងអំពើហិង្សា ពាក់ព័ន្ធនឹងការតាំងទីលំនៅ ក្នុងតំបន់ West Bank។ អ្នកតាំងលំនៅអ៊ីស្រាអែល រាប់រយពាន់នាក់ កំពុងរស់នៅ ទូទាំងតំបន់នោះ បើទោះបីជា សហគមន៍អន្តរជាតិចាត់ទុកថា ជាអំពើខុសច្បាប់។
ក្នុងសង្គ្រាមនៅហ្គាហ្សា តាំងពីឆ្នាំ២០២៣ រវាងអ៊ីស្រាអែល និង ហាម៉ាស់ ក៏មានការសម្លាប់ជនជាតិ ប៉ាឡេស្ទីន ជាង ៩៦០នាក់ នៅតំបន់ West Bank ផងដែរ៕
ប្រភពពី Nbc News
Leave a Reply