ជនជាតិរ៉ូហ៊ីងយ៉ា នៅមីយ៉ាន់ម៉ា រងការគំរាមកំហែង ខណៈការវាយប្រហារកាន់តែខ្លាំងក្លាក្នុងរដ្ឋរ៉ាឃីន

សហគមន៍ជនជាតិភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា របស់សហភាពមីយ៉ាន់ម៉ា កំពុងតែស្ថិតក្រោមការគំរាមកំហែងនៃការវាយប្រហារ និងការផ្លាស់ទីលំនៅជាថ្មីម្តងទៀត ខណៈដែលការប្រយុទ្ធគ្នារវាងកងទ័ពជនជាតិភាគតិចដ៏មានឥទ្ធិពល និងរបបយោធាកំពុងកាន់អំណាចរបស់ប្រទេសនេះ កាន់តែកើនឡើងខ្លាំងនៅក្នុងរដ្ឋរ៉ាឃីន (Rakhine) ភាគខាងលិច នេះបើយោងតាមអង្គការសហប្រជាជាតិ និងទីភ្នាក់ងារជំនួយ។

ជនជាតិរ៉ូហ៊ីងយ៉ា រាប់ម៉ឺននាក់ ត្រូវបានគេប៉ាន់ស្មានថាបានភៀសខ្លួនដើម្បីសុវត្ថិភាពទៅកាន់ប្រទេសជិតខាងបង់ក្លាដែស ចាប់តាំងពីពាក់កណ្តាលខែឧសភា ដែលស្ទាក់ស្ទើរក្នុងការទទួលយកជនភៀសខ្លួនបន្ថែមទៀត ហើយអ្នកដែលនៅសល់ជាច្រើននាក់នៅក្នុងរដ្ឋរ៉ាឃីន កំពុងត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង។

កងទ័ពអារ៉ាកាន (AA) បានអះអាងកាន់កាប់ភូមិ ប៊ូធីឌួង (Buthidaung) កាលពីដើមខែឧសភា បន្ទាប់ពីមានការប្រយុទ្ធគ្នា ក្នុងអំឡុងពេលដែលកងទ័ពជនជាតិភាគតិចមួយនេះត្រូវបានចោទប្រកាន់ពីបទកំណត់គោលដៅលើសមាជិកសហគមន៍រ៉ូហ៊ីងយ៉ា ប៉ុន្តែខ្លួនបានបដិសេធ។

កងទ័ពអារ៉ាកាន ឥឡូវនេះ កំពុងទប់ទល់ការវាយប្រហារនៅតាមភូមិព្រំដែន មួងដាវ (Maungdaw) ជាកន្លែងរស់នៅរបស់ប្រជាជនរ៉ូហ៊ីងយ៉ា យ៉ាងច្រើន ដែលរបបយោធាមីយ៉ាន់ម៉ា ទំនងជានឹងព្យាយាមកាន់កាប់ ដោយបង្កើនទិដ្ឋភាពនៃអំពើហិង្សាកាន់តែធ្ងន់ធ្ងរ។

ជនជាតិរ៉ូហ៊ីងយ៉ា បានប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញជាច្រើនទសវត្សរ៍ ហើយបន្ទាប់ពីការបង្រ្កាបដោយយោធាឆ្នាំ២០១៧ ជនជាតិនេះជិតមួយលាននាក់បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ដែលឥឡូវនេះមនុស្សជាច្រើនរស់នៅក្នុងជំរំជនភៀសខ្លួន៕