សេអ៊ូល ៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បាននិយាយថា អតីតស្ត្រីទីមួយ លោកស្រី Kim Keon Hee ត្រូវបានចាប់ខ្លួន កាលពីល្ងាចថ្ងៃទី១២ ខែសីហា ជុំវិញការចោទប្រកាន់ជាច្រើន រួមទាំងការក្លែងបន្លំភាគហ៊ុន និង ការប្រព្រឹត្តអំពើពុករលួយ។
ការចាប់ខ្លួននេះ បានកើតឡើង នៅប៉ុន្មានម៉ោង បន្ទាប់ពីតុលាការក្រុងសេអ៊ូល បានពិនិត្យមើលសំណើរបស់រដ្ឋអាជ្ញា សម្រាប់ដីកាចាប់ខ្លួន ប្រឆាំងនឹងស្ត្រី អាយុ៥២ឆ្នាំ រូបនេះ។
នេះគឺជាការចាប់ខ្លួន ស្ត្រីទីមួយ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ប្រទេសកូរ៉េខាងត្បូង។ ការចោទប្រកាន់លើ លោកស្រី Kim រួមមានទាំង ការរំលោភ លើទីផ្សារមូលធន និង ច្បាប់វិនិយោគហិរញ្ញវត្ថុ ក៏ដូចជា ច្បាប់មូលនិធិនយោបាយ។
ការចាប់ខ្លួននេះ បានធ្វើឡើង បន្ទាប់ពី លោក Yoon អតីតប្រធានាធិបតី ដែលត្រូវជាស្វាមី របស់លោកស្រី Kim ត្រូវបានចោទប្រកាន់ និង ដកចេញពីតំណែង កាលពីខែមេសា ឆ្នាំ២០២៥ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ដែលបានជំរុញឱ្យប្រទេសនេះ រៀបចំការបោះឆ្នោតមួយ កាលពីខែមិថុនា។
តាមរយៈការប្រកាសច្បាប់អាជ្ញាសឹក ដ៏គួរឱ្យភ្ញាក់ផ្អើល របស់ អតីតប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ គេឃើញមានវត្តមានទាហាន ត្រូវបានដាក់ពង្រាយ នៅក្នុងសភា ប៉ុន្តែ ត្រូវបានបោះឆ្នោតទម្លាក់វិញ ដោយក្រុមសមាជិកសភាបក្សប្រឆាំង យ៉ាងឆាប់រហ័ស៕
ប្រភពពី AFP
Leave a Reply