មេដឹកនាំអឺរ៉ុប នឹងចូលរួមជាមួយប្រធានាធិបតីអ៊ុយក្រែន Zelenskyy ក្នុងកិច្ចប្រជុំជាមួយលោក Trump

ក្រុមមេដឹកនាំអឺរ៉ុប បាននិយាយថាពួកគេនឹងចូលរួមជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃចន្ទ ១៨ សីហា នេះ ខណៈពួកគេព្យាយាមរកវិធីដើម្បីបញ្ចប់ការវាយលុករបស់រុស្ស៊ី។

លោក Trump បានជួបប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅរដ្ឋ Alaska កាលពីថ្ងៃសុក្រ ១៥សីហា សប្ដាហ៍មុន ប៉ុន្តែកិច្ចចរចាបានបរាជ័យក្នុងការទទួលបានលទ្ធផលជោគជ័យលើបទឈប់បាញ់ ទោះបីជាបេសកជនសេតវិមានលោក Steve Witkoff បាននិយាយថា មេដឹកនាំទាំងពីរបានយល់ព្រមផ្តល់ការធានាសន្តិសុខដ៏រឹងមាំ ដល់អ៊ុយក្រែនក៏ដោយ។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានសាទរចំពោះព័ត៌មាននេះ ប៉ុន្តែ លោក Zelenskyy ដែលនិយាយជាមួយលោកស្រីក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Brussels បានច្រានចោលគំនិតរបស់រុស្ស៊ី ក្នុងការផ្តល់ការធានាសន្តិសុខប្រទេសរបស់លោក។

លោកបាននិយាយថា អ្វីដែលលោកប្រធានាធិបតី Trump បាននិយាយអំពីការធានាសន្តិសុខគឺមានសារៈសំខាន់សម្រាប់ខ្ញុំ ច្រើនជាងការគិតរបស់លោក Putin ព្រោះលោក Putin នឹងមិនផ្តល់ការធានាសន្តិសុខណាមួយឡើយ។

ក្រោយមកលោក Zelenskyy បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាការផ្តល់ជូនរបស់សហរដ្ឋអាមេរិកទាក់ទងនឹងការធានាសន្តិសុខគឺជាប្រវត្តិសាស្ត្រ ។

លោកប្រធានាធិបតីបារាំង Emmanuel Macron ដែលនឹងចូលរួមកិច្ចប្រជុំនៅទីក្រុង Washington ជាមួយលោកស្រី von der Leyen និងមេដឹកនាំអឺរ៉ុបផ្សេងទៀត នឹងស្នើការផ្ដល់ការធានាសន្តិសុខបន្ថែមទៀត ចំពោះអ៊ុយក្រែន ក្នុងកិច្ចព្រមព្រៀងសន្តិភាពណាមួយ៕