អគ្គនាយកស៊ីម៉ាក់ ៖ ការចោទប្រកាន់របស់ថៃ អំពីគ្រាប់មីន PMN-2 គឺជារឿងមិនពិត

ឯកឧត្តម ហេង រតនា អគ្គនាយក CMAC ក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ៖ «ករណីផ្ទុះដែលច្បាស់លាស់ជាងគេ គឺករណីផ្ទុះមីននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈការបញ្ជាក់និងត្រួតពិនិត្យព័ត៌មានទាំងនៅជួរកងទ័ពយើងនៅជួរមុខទាំងជាមួយនឹងការផ្ទៀងផ្ទាត់ជាមួយចំការមីនរបស់កម្ពុជាយើង ដែលការផ្ទុះគ្រាប់មីននោះ ភាគីថៃបានប្រកាសថា ជាគ្រាប់មីនថ្មី ប្រភេទ PMN-2 ហើយដែលផ្ទុះនៅទឹកដីថៃ ប៉ុន្តែជាការពិតជាក់ស្តែងនោះ ការផ្ទុះនេះស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា ក្នុងជម្រៅប្រមាណ ៣០០ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែន បារាំង-សៀម។

ជាលក្ខណៈបច្ចេកទេស បើសិនជាការផ្ទុះនោះបង្កដោយគ្រាប់មីន PMN-2 មែន នោះជនរងគ្រោះមិនដាច់ត្រឹមកជើងនោះទេជាបទពិសោធន៍របស់កម្ពុជា ជនរងគ្រោះជាច្រើនដែលរងគ្រោះដោយការផ្ទុះ PMN-2 គឺដាច់ជើងទាំងពីរ ឬអាចបណ្តាលឱ្យស្លាប់តែម្តង។

បន្ទាប់ពីការផ្ទុះហើយ នៅថ្ងៃទី១៧ ខែកក្កដា កងកម្លាំងថៃនាំកម្លាំងមកឆែកកន្លែងផ្ទុះ ប៉ុន្តែកងកម្លាំងជួរមុខរបស់កម្ពុជានៅទីនោះជាប់រហូត ដោយមិនអនុញ្ញាតឱ្យចូលកន្លែងផ្ទុះ ព្រោះជាទឹកដីកម្ពុជា ហើយកម្លាំងថៃទាំងនោះនៅត្រឹមខ្សែបន្ទាត់ព្រំដែន។ ដូច្នេះការអះអាងថារកឃើញមីនថ្មីនៅកន្លែងផ្ទុះគឺជារឿងមិនពិតនោះទេ ព្រោះមិនអាចចូលកន្លែងផ្ទុះបាន។

ទាំងនេះបញ្ជាក់ឱ្យឃើញថា ការចោទប្រកាន់របស់ថៃ គឺជារឿងមិនពិតទាល់តែសោះ»៕