អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានលើកសរសើរលោកប្រធានាធិបតីអាមេរិក Donald Trump ដោយសារលោកបញ្ចុះបញ្ចូលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឱ្យយល់ព្រមលើកិច្ចប្រជុំជាមួយសមភាគីអ៊ុយក្រែន នៅក្នុងជំនួបដ៏សំខាន់ដែលអធិការបតីអាល្លឺម៉ង់រូបនេះនិយាយថា ត្រូវបានយល់ព្រមដោយលោក Putin នៅក្នុងអំឡុងពេលកិច្ចសន្ទនាតាមទូរសព្ទជាមួយលោក Trump ហើយនឹងប្រព្រឹត្តទៅនៅពីរសប្ដាហ៍ខាងមុខ ក្នុងទីតាំងដែលមិនទាន់ត្រូវបានកំណត់នៅឡើយ។
លោក Merz បានស្ថិតក្នុងគណៈប្រតិភូនៃមេដឹកនាំអឺរ៉ុប ដែលបានធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ (១៨ សីហា) ដើម្បីផ្តល់ការគាំទ្រដល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅក្នុងជំនួបជាមួយលោក Trump។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Merz បាននិយាយថា “គេមិនដឹងឡើយថាតើប្រធានាធិបតីរុស្ស៊ី នឹងមានភាពក្លាហានក្នុងការចូលរួមកិច្ចប្រជុំកំពូលបែបនេះ ឬក៏អត់ ដូច្នេះហើយការបញ្ចុះបញ្ចូលគឺជាភាពចាំបាច់”។
លោក Merz បានបន្ថែមទៀតថា “ប្រធានាធិបតីអាមេរិក បានសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី តាមទូរសព្ទ ហើយបានយល់ព្រមថានឹងមានកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែន ក្នុងពេលពីរសប្តាហ៍ខាងមុខនេះ”។ អធិការបតីអាល្លឺម៉ង់រូបនេះសង្កត់ធ្ងន់ថា លោក Trump ក៏បានយល់ព្រមដាក់ចេញនូវការអញ្ជើញមួយទៀតទៅកាន់កិច្ចប្រជុំត្រីភាគីនៅពេលក្រោយ បែបនេះទើបកិច្ចចរចាសន្តិភាពអាចចាប់ផ្តើមយ៉ាងពិតប្រាកដ។
លើសពីនេះ លោក Merz ក៏បាននិយាយថា លោក Trump ពិតជារីករាយណាស់ដែលអឺរ៉ុបរួបរួមគ្នាបែបនេះ ហើយការពិភាក្សារបស់មេដឹកនាំអឺរ៉ុបជាមួយរដ្ឋបាលសហរដ្ឋអាមេរិក ឥឡូវនេះ នឹងងាកទៅរកព័ត៌មានលម្អិតស្តីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន៕
Leave a Reply