ភ្នំពេញ)៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញលទ្ធផល ប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា រួមមាន ៖ ក្នុងក្របខណ្ឌនៃយុទ្ធនាការ និងការអនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយគិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS) បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ទីតាំង ក្នុង ១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួនប្រមាណ ៣,១៧០នាក់ មាន ១៩សញ្ជាតិ។ ក្នុងយុទ្ធនាការបង្ក្រាបសកម្មភាពឆបោកអនឡាញក្នុងនោះដែរ សមត្ថកិច្ច បានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យជាមេខ្លោងចំនួន ៦៦នាក់ និងបក្ខពួករបស់ពួកគេទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ខណៈជនបរទេសពាក់ព័ន្ធការឆបោកអនឡាញចំនួនសរុបប្រមាណជាង ២,៤៥០នាក់ និរទេសចេញពីកម្ពុជា ។
គួរកត់សម្គាល់ថា ក្នុងប្រតិបត្តិការបោសសម្អាតអំពើឆបោកអនឡាញនៅខេត្តកំពត កាលពីពេលថ្មីៗនេះ សមត្ថកិច្ចបានបង្រ្កាបនិងឃាត់ខ្លួនមេខ្លោងចំនួន ១៤ នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកអនឡាញ អំពើឃាតកម្ម និងការជួញដូរមនុស្ស ដែលវាបានក្លាយជាប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំមួយក្នុងចំណោមប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត ក្នុងរយៈពេលប្រមាណ៦០ថ្ងៃ គិតចាប់ពីខែមិថុនា ដល់ពាក់កណ្តាលខែសីហា ឆ្នាំ២០២៥ ក្នុងនោះ សមត្ថកិច្ច ក៏បានជួយសង្រ្គោះជនរងគ្រោះដោយអំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសំបុកនៃការជួញដូរមនុស្ស។
គួររំលឹកផងដែរថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ យុទ្ធនាការបង្រ្កាប របស់រាជរដ្ឋាភិបាលកម្ពុជា ដោយក្រសួង ស្ថាប័ន គណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបង្រ្កាបក្រុមឧក្រិដ្ឋជនឆបោកអនឡាញ និងអំពើល្មើសពាក់ព័ន្ធ សរុបប្រមាណជាង ២៤,០០០ (ជាងពីរម៉ឺន ៤ពាន់) ក្នុងនោះ ជនបរទេសចំនួន២៣,៩៩០ នាក់ត្រូវបាននិរទេសចេញពីកម្ពុជា។ ជាមួយគ្នានេះ សមត្ថកិច្ចបានជួយសង្រ្គោះជនរងគ្រោះពីអំពើជួញដូរ និងអំពើឆបោកអនឡាញ សរុបចំនួនប្រមាណជាង ៤,៨០០នាក់ មាន ២៧សញ្ជាតិ។
សូមរំលឹកបន្ថែមដែរថា ក្រោយការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) កម្ពុជា បានផ្តោតលើការស្រាវជ្រាវ ស៊ើបអង្កេត បង្រ្កាប និងបោសសម្អាត ព្រមទាំងចាត់វិធានការច្បាប់លើជនសង្ស័យ ដោយទទួលបានលទ្ធផលជាបន្តបន្ទាប់ ដោយមានការចូលរួមពីក្រសួង ស្ថាប័ន គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ក្នុងក្របខណ្ឌនៃកិច្ចខិតខំទាំងនេះ កិច្ចសហប្រតិបត្តិការអន្តរជាតិមានសារៈសំខាន់ រួមចំណែកដល់កិច្ចប្រឹងប្រែងរួមគ្នា ដើម្បីប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបាននិងកំពុងកើតមានឡើងក្នុងប្រទេសជាច្រើន។
សូមបញ្ជាក់ថា ក្នុងការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះ នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕
Leave a Reply