មេដឹកនាំកូរ៉េខាងត្បូងសរសើរលោក Trump ថា ជាអ្នកបង្កើតសន្តិភាពក្នុងពិភពលោក

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បានលើកសរសើរមេដឹកនាំអាមេរិក លោក Donald Trump ថា ជាអ្នកបង្កើតសន្តិភាពក្នុងពិភពលោក ហើយលោកសង្ឃឹមថា នឹងពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងនាវា និងវិស័យផលិតកម្មផ្សេងទៀតរវាងសម្ព័ន្ធមិត្តទាំងពីរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

នៅក្នុងកិច្ចប្រជុំកំពូលលើកដំបូង កាលពីថ្ងទី២៥ ខែសីហា ប្រធានាធិបតីទាំងពីរបានឯកភាពគ្នាថា អាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើការឆ្ពោះទៅរកសន្តិភាពជាមួយកូរ៉េខាងជើង ខណៈលោកប្រធានាធិបតី Trump ក៏បានអះអាងដែរថា រូបលោកចង់ជួបជាមួយប្រមុខរដ្ឋកូរ៉េខាងជើង លោក Kim Jong Un នៅក្នុងឆ្នាំនេះ។

ទាក់ទិននឹងកិច្ចប្រជុំរវាងមេដឹកនាំអាមេរិក-កូរ៉េខាងជើង លោកប្រធានាធិបតី Lee បានសង្ឃឹមខ្ពស់ថា លោកប្រធានាធិបតី Trump គឺជាបុគ្គលតែម្នាក់គត់ ដែលអាចដឹកនាំនៅក្នុងយុគសម័យថ្មីនៃសន្តិភាពនៅលើឧបទ្វីបកូរ៉េដែលបែកបាក់បាន។

បន្ថែមលើនេះ លោក Lee ក៏ចង់ជួបចរចាជាមួយលោក Kim ផងដែរ ដើម្បីបង្កើតទំនាក់ទំនងសន្តិភាពរវាងប្រទេសបងប្អូនកូរ៉េទាំងពីរ ប៉ុន្តែលោកជឿជាក់ថា លោកប្រធានាធិបតី Trump មានឱកាសធ្វើឱ្យរឿងនេះកើតឡើងច្រើនជាងគាត់។

ជាការឆ្លើយតប លោកប្រធានាធិបតី Trump បានលើកឡើងថា រូបបលោកនឹងធ្វើបែបនោះ ហើយនឹងមានការពិភាក្សា ដោយលោកចង់សំដៅលើការជួបជាមួយលោក Kim។ ពាក់ព័ន្ធនឹងពេលវេលានៃលទ្ធភាពរៀបចំកិច្ចប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើង លោកប្រធានាធិបតី Trump បាននិយាយថា លោកទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលមួយនៅពេលអនាគតដ៏សមស្រប ដែលអាចនឹងកើតឡើងនៅក្នុងឆ្នាំនេះ។

គួរកត់សម្គាល់ គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនៅសេតវិមានរបស់លោកប្រធានាធិបតី Lee គឺដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក-កូរ៉េខាងត្បូងនាពេលថ្មីៗនេះ និងតួនាទីរបស់ទាហានអាមេរិកនៅកូរ៉េខាងត្បូង ប៉ុន្តែមេដឹកនាំទាំងពីរបានព្យាយាមគ្រប់គ្រងវា ដើម្បីជៀសវាងកើតមានបញ្ហាចម្រូងចម្រាស់ក្នុងទំនាក់ទំនងសម្ព័ន្ធមិត្តទាំងពីរ៕

ប្រភព ៖ BBC


Comments

Leave a Reply

Your email address will not be published. Required fields are marked *