ប៉េកាំង ៖ បណ្តាមេដឹកនាំបរទេស រួមមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រមុខរដ្ឋកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងធ្វើដំណើរទៅចូលរួមពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំក្នុងរដ្ឋធានីប៉េកាំង ដើម្បីរំលឹកខួបលើកទី ៨០ នៃសង្គ្រាមរបស់ចិនប្រឆាំងនឹងជប៉ុន និង ការបញ្ចប់សង្រ្គាមលោកលើកទីពីរ។
ជំនួយការរដ្ឋមន្រ្តីការបរទេសចិន លោក Hong Lei បាននិយាយក្នុងសន្និសិទសារព័ត៌មានថា លោក ពូទីន និងលោក គីម រួមទាំងប្រមុខរដ្ឋបរទេសចំនួន ២៦ប្រទេសផ្សេងទៀត នឹងធ្វើដំណើរមកចូលរួមពិធីព្យុហយាត្រាយោធាខ្នាតយក្សរបស់ប្រទេសចិន។ ព្យុហយាត្រាយោធានេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៧០នាទី ក្រោមអធិបតីភាពប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
ក្បួនព្យុហយាត្រា “ទិវាជ័យជំនះ” របស់ប្រទេសចិន នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកញ្ញា ជាពេលដ៏សំខាន់មួយដែលកងកម្លាំងយោធាចិនកំពុងកើនឡើងឥទ្ធិពល និងជាការបង្ហាញពីសាមគ្គីភាពការទូតរវាងចិន រុស្ស៊ី និងសកលលោកខាងត្បូង។ នៅថ្ងៃនោះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង នឹងចូលរួមទស្សនាកងទ័ពរាប់ម៉ឺននាក់នៅទីលាន Tiananmen ជាមួយឥស្សរជនបរទេស និងមេដឹកនាំជាន់ខ្ពស់ចិន។
ប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទី២របស់ពិភពលោកមួយនេះ ត្រូវបានគេរំពឹងថា នឹងបញ្ចេញសាច់ដុំយោធា ពិសេសសព្វាយោធាទំនើបៗចុងក្រោយបំផុតរបស់ខ្លួន ក្នុងនោះរួមមានយន្តហោះចម្បាំង រថក្រោះរាប់រយគ្រឿង ប្រព័ន្ធប្រឆាំងយន្តហោះដ្រូន និងប្រព័ន្ធការពារកាំជ្រួច ព្រមទាំងអាវុធលឿនជាងសំលេង៕
ប្រភព ៖ CNA
Leave a Reply