រុស្ស៊ីបាញ់ចំអគារសហភាពអឺរ៉ុប នៅអ៊ុយក្រែន

កៀវ ៖ អគារបេសកកម្ម របស់សហភាពអឺរ៉ុប បានរងការខូចខាត ក្នុងការវាយប្រហាររបស់រុស្ស៊ី ទៅលើទីកៀវ ប្រទេសអ៊ុយក្រែន នេះបើតាមប្រធានសហភាពអឺរ៉ុប បញ្ជាក់ នៅថ្ងៃទី២៨ ខែសីហានេះ។

ប្រធានសហភាពអឺរ៉ុបលោក Antonio Costa នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា លោក “រន្ធត់” ដោយសារតែការវាយប្រហារ ជាថ្មី របស់រុស្សី ទៅលើទីក្រុង Kyiv ដែលបានបំផ្លាញអគារបេសកកម្មការទូត របស់ប្លុកនេះ ផងដែរ។

លោក Costa បានសរសេរ នៅលើបណ្តាញសង្គម X ថា «គំនិតរបស់ខ្ញុំ គឺ នៅជាមួយជនរងគ្រោះអ៊ុយក្រែន និង ជាមួយបុគ្គលិក នៃគណៈប្រតិភូសហភាពអឺរ៉ុបផងដែរ ដែលអគាររបស់ពួកគេ ត្រូវបានខូចខាត នៅក្នុងការវាយប្រហារដោយចេតនារបស់រុស្ស៊ី»។

លោកបន្តថា «សហភាពអឺរ៉ុបនឹងមិនមាន ការបំភិតបំភ័យទេ ការឈ្លានពានរបស់រុស្ស៊ី គ្រាន់តែពង្រឹងការតាំងចិត្តរបស់យើង ក្នុងការឈរជាមួយអ៊ុយក្រែន និងប្រជាជនរបស់ខ្លួនប៉ុណ្ណោះ»។

រដ្ឋអាជ្ញា អ៊ុយក្រែន បាននិយាយថា មានការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរបស់រុស្ស៊ីទ្រង់ទ្រាយធំ បានកើតមានលើទីក្រុង Kyiv កាលពីយប់ថ្ងៃទី២៧ ខែសីហា។ អ្នកស្លាប់ ដំបូង មានត្រឹម២នាក់ តែបានកើន ដល់ ១០នាក់ មានទាំងកុមារម្នាក់ ព្រមទាំង របួស ចំនួន៣០នាក់ទៀត ក្នុងនោះ មានទាំងកុមារ ៤នាក់ និង ក្មេងជំទង់ម្នាក់៕

ប្រភពពី AFP