វ៉ាស៊ីងតោន ៖ លោក តូនី ប្ល៊ែរ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស បានជួបប្រជុំជាមួយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅសេតវិមាន កាលពីថ្ងៃទី២៧ ខែសីហា ដើម្បីជជែកអំពីផែនការអភិវឌ្ឍន៍ តំបន់ហ្គាហ្សា ក្រោយចប់សង្គ្រាម។
បើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC បានឲ្យដឹង ថា លោក Tony Blair បានបម្រើការ ជាបេសកជនមជ្ឈិមបូព៌ា អស់រយៈពេល ប្រមាណជា បី ឆ្នាំ បន្ទាប់ពីចាកចេញពីមុខតំណែង ក្នុងឆ្នាំ២០០៧ ដោយលោកកំពុងធ្វើការងារ ផ្តោតលើការនាំយកការអភិវឌ្ឍន៍សេដ្ឋកិច្ច ទៅកាន់តំបន់ប៉ាឡេស្ទីន និង បង្កើតលក្ខខណ្ឌ សម្រាប់ដំណោះស្រាយរដ្ឋ ពីរ។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថា លោក Blair បានពន្យល់ លោក Trump អំពីគំនិត ក្នុងការកសាងទឹកដី មួយនេះ ឡើងវិញ ដោយបាននិងកំពុងធ្វើការជាមួយនឹងកូនប្រសាររបស់ លោក Trump គឺ លោក Jared Kushner ។
ជុំវិញជំនួបនេះ ត្រូវបានបេសកជនអាមេរិក ប្រចាំតំបន់ មជ្ឈិមបូព៌ា លោក Steve Witkoff បាននិយាយថា សហរដ្ឋអាមេរិកកំពុងរៀបចំផែនការ “ដ៏ទូលំទូលាយ” មួយ នៅ “ថ្ងៃបន្ទាប់” ក្រោយពេលដែល សង្គ្រាម បានបញ្ចប់ ជាស្ថាពរ។ ទោះបីជាយ៉ាងណា ពុំមានការបង្ហាញ លម្អិតអំពីលទ្ធផល នៃជំនួបនេះទេ។ លោក Steve Witkoff ធ្លាប់បង្ហើប កាលពីថ្ងៃអង្គារថា សង្រ្គាមនៅហ្គាហ្សា អាចនឹងបញ្ចប់ ក្នុងរយៈពេល ៤ ខែទៀត។
សេតវិមាន ក៏បានចេញមកអះអាងដែរថា ប្រធានាធិបតី Trump ពិតជាចង់ឱ្យសង្រ្គាមបញ្ចប់ ហើយចង់បានសន្តិភាព និងភាពរុងរឿង សម្រាប់មនុស្សគ្រប់គ្នា នៅក្នុងតំបន់ហ្គាហ្សា។
យ៉ាងណា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានអះអាង ប្រាប់អ្នកសារព័ត៌មាន ថា គ្មានផែនការ អ្វីទាំងអស់ សម្រាប់រដ្ឋប៉ាឡេស្ទីន។
គួររម្លឹកថា សង្គ្រាមហ្គាហ្សា ដែលផ្តើមចេញពីការសងសឹករបស់អ៊ីស្រាអែល លើហាម៉ាស់ បានសម្លាប់ជនជាតិប៉ាឡេស្ទីន នៅហ្គាហ្សា ជិត៦២,៩០០នាក់ ហើយ ក្នុងរយៈពេលជិត ២ឆ្នាំមកនេះ។ ជាមួយគ្នានេះ អគារផ្ទះសម្បែង ជាង ៩០% ត្រូវបានប៉ាន់ប្រមាណថា ខូចខាត ឬ បំផ្លិចបំផ្លាញ ខណៈដែលប្រព័ន្ធថែទាំសុខភាព ទឹកស្អាត និងអនាម័យ បានដួលរលំ៕
ប្រភពពី BBC
Leave a Reply