អ៊ីស្រាអែលបន្តការបំផ្លាញទីក្រុងហ្កាហ្សា ដោយបានសម្លាប់មនុស្សជិត៨០នាក់បន្ថែមទៀត នៅទូទាំងដែនដីហ្កាហ្សា

អ៊ីស្រាអែលបានបង្កើនការបំផ្លិចបំផ្លាញទីក្រុងហ្កាហ្សា ខណៈខ្លួនគ្រោងនឹងដណ្តើមយកចំណុចកណ្ដាលដ៏ធំបំផុតដែលជាបេះដូងរបស់ដែនដីហ្កាហ្សា និងបង្ខំប្រជាជនប៉ាឡេស្ទីនប្រហែលមួយលាននាក់ទៅកាន់តំបន់ប្រមូលផ្តុំនៅភាគខាងត្បូង ខណៈបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៨ នាក់នៅទូទាំងតំបន់ដែលត្រូវបានឡោមព័ទ្ធមួយនេះ ចាប់តាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យ រួមទាំង ៣២ នាក់ដែលកំពុងស្វែងរកអាហារយ៉ាងអស់សង្ឃឹម។

កាលពីថ្ងៃអាទិត្យ នៅទីក្រុងហ្កាហ្សា ទីភ្នាក់ងារការពារជនស៊ីវិលប៉ាឡេស្ទីនបានរាយការណ៍ថាមានអគ្គិភ័យនៅក្នុងតង់ក្បែរមន្ទីរពេទ្យ al-Quds បន្ទាប់ពីការបាញ់ផ្លោងរបស់អ៊ីស្រាអែល។ យ៉ាងហោចណាស់មនុស្ស៥ នាក់បានស្លាប់ និង៣ នាក់បានរងរបួសនៅពេលដែលអគារលំនៅដ្ឋានមួយនៅជិតសង្កាត់ Remal ត្រូវបានរងការវាយប្រហារ។

លោក Ismail al-Thawabta នាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល ហ្កាហ្សា បាននិយាយថា កងទ័ពអ៊ីស្រាអែលក៏កំពុងប្រើប្រាស់ រូបយន្តបំផ្ទុះ នៅក្នុងតំបន់លំនៅដ្ឋាននានា និងបង្ខំឱ្យជនជាតិប៉ាឡេស្ទីនផ្លាស់ទីលំនៅ ក្នុងទីក្រុង ហ្កាហ្សា ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គម X កាលពីថ្ងៃអាទិត្យ លោក al-Thawabta បាននិយាយថា កងទ័ពបានបំផ្ទុះឧបករណ៍បែបនេះជាង ៨០គ្រឿង នៅសង្កាត់ជនស៊ីវិលរស់នៅក្នុងរយៈពេល ៣ សប្តាហ៍កន្លងមកនេះ ដោយហៅទង្វើនោះថាជា គោលនយោបាយកម្ទេចចោល ដែលបានបំផ្លាញផ្ទះសម្បែង និងឆក់យកអាយុជីវិតមនុស្សដែលជិតផុតពូជ៕