មេ UN ថា ដំណោះស្រាយរដ្ឋពីរ ធ្វើដើម្បីប៉ាឡេស្ទីន មិនមែនហាម៉ាស់

អ.ស.ប ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ បាននិយាយថា ដំណោះស្រាយរដ្ឋពីរ គឺ មិនមែនជាអំណោយដល់ក្រុមហាម៉ាសទេ ប៉ុន្តែ ធ្វើ សម្រាប់ប្រជាជនប៉ាឡេស្ទីន។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានច្រានចោលគំនិត ដែលថា ដំណោះស្រាយរដ្ឋពីរ សម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន គឺជា “អំណោយដល់ក្រុមហាម៉ាស” ។

លោកនិយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារ ថា៖ «វាជាអំណោយ ដល់ប្រជាជនប៉ាឡេស្ទីន ដែលបានរងទុក្ខច្រើន ដោយសារក្រុមហាម៉ាស»។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយដែរថា ការដែលអ៊ីស្រាអែលប្តេជ្ញា​ ធ្វើសង្គ្រាមដល់ទីបញ្ចប់​ នៅក្នុងយុទ្ធនាការយោធា នៅតំបន់ Gaza របស់ខ្លួន ហើយ មិនបើកចំហសម្រាប់ការចរចាសន្តិភាពជាក់លាក់ នឹងមានផលវិបាកយ៉ាងខ្លាំង កើតចេញពីទស្សនៈរបស់អ៊ីស្រាអែល បែបនេះ។

សង្គ្រាមបានផ្តើមចេញពីការវាយប្រហារ របស់ពួកហាម៉ាស់ លើអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣ ស្លាប់មនុស្សជាង១ពាន់នាក់។

ការសងសឹករបស់អ៊ីស្រាអែល នៅហ្គាហ្សា ដែលគ្រប់គ្រងដោយហាម៉ាស់ បានសម្លាប់មនុស្ស ជាង៦ម៉ឺន៥ពាន់នាក់ ហើយភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខ ពីក្រសួងសុខាភិបាលនៃទឹកដីហ្គាហ្សា ហើយ អង្គការសហប្រជាជាតិចាត់ទុកថា អាចទុកចិត្តបាន៕

ប្រភពពី AFP