មេដឹកនាំពិភពលោកជួបជុំគ្នាគាំទ្រភាពជារដ្ឋរបស់ប៉ាឡេស្ទីន នៅUN ដោយផ្គើនអាមេរិក និងអ៊ីស្រាអែល

មេដឹកនាំពិភពលោករាប់សិបនាក់ បានជួបជុំគ្នានៅឯអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) ដើម្បីគាំទ្រភាពជារដ្ឋប៉ាឡេស្ទីន ដែលជាការផ្លាស់ប្តូរការទូតដ៏សំខាន់ រយៈជិត ២ឆ្នាំ នៅក្នុងសង្រ្គាម នៅតំបន់ហ្កាហ្សា ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងក្លាពីអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិកក៏ដោយ។

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលដំណោះស្រាយរដ្ឋ២ អ៊ីស្រាអែល-ប៉ាឡេស្ទីន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងរីយ៉ាដ ចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាព និងបានអំពាវនាវឲ្យមានរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដោយផ្អែកលើព្រំដែនឆ្នាំ១៩៦៧ ជាមួយទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ដែនដីនេះ។

ព្រះអង្គម្ចាស់ Farhan បានមានព្រះបន្ទូលថា៖ «យើងអំពាវនាវឲ្យប្រទេសផ្សេងទៀតទាំងអស់ ចាត់វិធានការជាប្រវត្តិសាស្ត្រស្រដៀងគ្នា ដែលនឹងមានឥទ្ធិពលយ៉ាងខ្លាំងដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការអនុវត្តដំណោះស្រាយរដ្ឋទាំង២»។

កិច្ចប្រជុំកំពូលដែលចូលរួមដោយមេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas និងគណៈប្រតិភូផ្សេងទៀត ដែលទាំងតំណាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកមិនមានវត្តមាន។

លោក Abbas បានរំលឹកឡើងវិញនូវជំហររបស់លោក ដែលថា ក្រុមសកម្មប្រយុទ្ធ ដូចជាក្រុមហាម៉ាស ត្រូវតែប្រគល់អាវុធរបស់ពួកគេទៅឲ្យអាជ្ញាធរប៉ាឡេស្ទីន ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ «រដ្ឋបង្រួបបង្រួមដោយគ្មានអាវុធ ជារដ្ឋដែលមានច្បាប់មួយ និងកម្លាំងសន្តិសុខស្របច្បាប់មួយ»។

គួរបញ្ជាក់ ការប្រកាសគាំទ្រនេះ បានធ្វើឡើងចំពេលមានអំពើហិង្សាកាន់តែខ្លាំងឡើង នៅក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែលបន្តការវាយលុកប្រឆាំងនឹងក្រុមហាម៉ាស៕