មេដឹកនាំពិភពលោកបានជំរុញឲ្យមានការប្តេជ្ញាចិត្តជាថ្មី ចំពោះគោលនយោបាយពហុភាគីនិយម និងគោលការណ៍ដើមនៃធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) នៅក្នុងសម័យប្រជុំពិសេស នៅឯមហាសន្និបាត កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) ដោយព្រឹត្តិការណ៍នេះក៏ជាការប្រារព្ធខួបលើកទី៨០ របស់អង្គការសហប្រជាជាតិផងដែរ។
ប្រធានបទនៃកិច្ចប្រជុំជាប្រវត្តិសាស្ត្រ នៅឆ្នាំនេះ ដែលមានចំណងជើងថា រួមគ្នាកាន់តែរឹងមាំ សម្រាប់រយៈពេល ៨០ឆ្នាំខាងមុខ និងការលើកកម្ពស់បន្ថែមទៀត ចំពោះសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស ត្រូវបានសង្កត់ធ្ងន់នៅក្នុងសុន្ទរកថាជាច្រើន ដូចជាតម្រូវការក្នុងការពង្រឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលកើតចេញពីការបំផ្លិចបំផ្លាញដោសារសង្រ្គាម។ ការរំលឹករយៈពេលមួយម៉ោង មានការឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ អមដោយការអំពាវនាវជាបន្ទាន់។
អគ្គលេខាធិការ UN លោក Antonio Guterres បាននិយាយថា គោលការណ៍ណែនាំរបស់ UN «ស្ថិតនៅក្រោមការវាយលុកដែលមិនធ្លាប់មានពីមុនមក» ដោយលោកបានចង្អុលទៅការមានជម្លោះ ភាពអត់ឃ្លាន និងភាពវឹកវរនៃអាកាសធាតុ។
លោក Guterres បានបញ្ជាក់ថា៖ «ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ យើងមិនត្រឹមតែត្រូវការពារអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវពង្រឹងស្ថាប័ននេះផងដែរ»៖។ លោកលើកឡើងបន្ថែមពីគំនិតផ្តួចផ្តើមកំណែទម្រង់រួមទាំងកិច្ចព្រមព្រៀងសម្រាប់អនាគត និងដំណើរការ UN80 ដោយលោកបានបញ្ជាក់ថា៖ «ផ្លូវតែមួយគត់ឆ្ពោះទៅមុខ គឺរួមគ្នា។ ចូរយើងក្រោកឡើងនៅពេលនេះ ដោយភាពច្បាស់លាស់ ភាពក្លាហាន និងជំនឿ។ ហើយសូមយើងសម្រេចបាននូវគោលសន្តិភាព»។
ប្រធានមហាសន្និបាត UN លោកស្រី Annalena Baerbock បាននិយាយថា ឆ្នាំទី៨០ របស់ UN មកដល់ចំណុចរបត់មួយ។ លោកស្រីបានលើកឡើងថា «យើងត្រូវជ្រើសរើសផ្លូវត្រូវ ដើម្បីបង្ហាញពិភពលោកថាយើងអាចរួមគ្នាកាន់តែប្រសើរ» ដោយបន្ថែមថា «រួមគ្នាកាន់តែប្រសើរ» គឺលើសពីពាក្យស្លោក ប៉ុន្តែជាសេចក្តីពិតដែលបានមកដោយលំបាក និងការប្តេជ្ញាចិត្ត សម្រាប់រយៈពេល ៨០ឆ្នាំខាងមុខ៕

Leave a Reply