បារាំងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ខណៈលោក Macron អំពាវនាវ​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម នៅហ្កាហ្សា

ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) បាន​ទទួល​ស្គាល់​ជាផ្លូវ​ការនូវរដ្ឋប៉ាឡេស្ទីន ហើយបានជំរុញឲ្យបញ្ចប់សង្រ្គាមជាបន្ទាន់ នៅតំបន់ហ្កាហ្សា ដោយ​ប្រកាសថា «ពេលវេលាសម្រាប់សន្តិភាពបានមកដល់ហើយ»។

អំឡុងពេលថ្លែងក្នុងពិធីបើកសន្និសីទអន្តរជាតិកម្រិតខ្ពស់ ស្តីពីការអនុវត្តដំណោះស្រាយរដ្ឋ២ លោក Macron បាននិយាយថា ពេលវេលាបានមកដល់ហើយ ដើម្បីឲ្យអ៊ីស្រាអែល និងប៉ាឡេស្ទីន «រស់នៅជាមួយគ្នា ប្រកបដោយសន្តិភាព និងសន្តិសុខ»។

ដោយថ្កោលទោសការវាយលុកដែលកំពុងបន្តមាន លោក Macron បានបញ្ជាក់ថា៖ «ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ អ៊ីស្រាអែលកំពុងពង្រីកប្រតិបត្តិការយោធារបស់ខ្លួនបន្ថែមទៀត នៅក្នុងតំបន់ហ្កាហ្សា ដោយមានគោលបំណងកម្ទេចក្រុមហាម៉ាស»។

លោកបានសង្កត់ធ្ងន់ពីចំនួនមនុស្សនៃជម្លោះនេះថា៖ «មនុស្សរាប់សែននាក់ត្រូវបានបម្លាស់ទីលំនៅ រងរបួស អត់ឃ្លាន និងតក់ស្លុត។ ជីវិតរបស់ពួកគេនៅតែត្រូវបានបំផ្លាញ។ គ្មានអ្វីដែលបង្ហាញពីភាពត្រឹមត្រូវនៃសង្រ្គាមដែលកំពុងបន្តមាននៅតំបន់ហ្កាហ្សានោះទេ។ គ្មានឡើយ»។

ជាមួយគ្នានេះ លោក Macron ក៏បានប្រកាសផងដែរថា ប្រទេសបារាំងនឹងបើកស្ថានទូត នៅរដ្ឋប៉ាឡេស្ទីន នៅពេលដែលចំណាប់ថ្នូរទាំងអស់ នៅតំបន់ហ្កាហ្សាត្រូវបានដោះលែង ហើយបទឈប់បាញ់ត្រូវបានឈានដល់។

ព័រទុយហ្គាល់ ម៉ូណាកូ កាណាដា បែលហ្ស៊ិក លុចសំបួ និងម៉ាល់តា បន្ទាប់មកក៏បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនផងដែរ៕